ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជន យកសន្តិភាព បន្តគាំទ្រសម្ដេចតេជោ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត
កណ្តាល៖ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ បោះឆ្នោតយកសន្តិភាពដើម្បីកសាងមាតុភូមិកម្ពុជាឲ្យកាន់តែរុងរឿង និងបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត។ ការបន្តអំពាវនាវរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូនធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រមាណ ១០០០នាក់ ក្នុងមូលដ្ឋានឃុំកំពង់កុងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១០២៣នេះ។
នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាអ្នកស្រុកកោះធំយើងមិនត្រឹមតែមានផ្លូវ មានស្ពាន ហើយឥឡូវនេះ មានមន្ទីរពេទ្យដ៏ធំមួយទៀតគឺមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានសាងសង់អស់ថវិកាប្រមាណជា៧លានដុល្លារ មាន ចំនួន១៥០គ្រែ ស្តង់ដារអន្តរជាតិ និងបានគូរប្លង់ដោយមន្ទីរពេទ្យកាល់ម៉ែត។
ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា មនុស្សមាន៤ប្រភេទគឺ អ្នកថា អ្នកធ្វើ អ្នកឈរមើល អ្នកតិទៀន។ឯកឧត្ដមបន្តថា ចំពោះគណបក្សប្រជាជនកម្ពុជាតែហ៊ានសន្យា គឺហ៊ានធ្វើ ព្រោះគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធ្វើតែម្ដង។
ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា យើងជាប្រជាពលរដ្ឋមានកាតព្វកិច្ច ហើយយើងធ្លាប់បោះឆ្នោតច្រើនអាណត្តិហើយ ដូច្នេះគូសតែ១ទេគឺគូសឲ្យចំលេខ១៨។
ជាថ្មីម្ដងទៀតឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
គួរជម្រាបជូនថា នៅព្រឹកនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំនិងផ្ដាំផ្ញើដល់អ្នកសង្កេតការណ៍ ទាំងអស់ដែលបានអញ្ជើញមកពីស្រុកកោះធំ និងក្រុងសំពៅពូន ត្រូវបន្តយកទុកដាក់ខ្ពស់ក្នុងការបំពេញកិច្ចការងារដោយសុចរិត ឯករាជ្យ ប្រសិទ្ធភាព ដោយពុំមានការជ្រៀតជ្រែក និងគាបសង្កត់ ដើម្បីធានាបានថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាពខ្ពស់៕