«សមាគមអតីតអ្នកបួសខ្មែរ» ត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីជាផ្លូវការហើយ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានចេញប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីសមាគម ដោយបានសម្រេចចុះឈ្មោះ «សមាគមអតីតអ្នកបួសខ្មែរ» ក្នុងបញ្ជីសមាគមក្នុងក្រសួងមហាផ្ទៃជាផ្លូវការហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
បើតាមឯកឧត្តម ហឿន សំនៀង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអតីតអ្នកបួសខ្មែរបានឲ្យដឹងថា ក្នុងនាមអតីតអ្នកបួសខ្មែរមួយរូប និងក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងអបអរសាទរជូនចំពោះបងប្អូនអតីតអ្នកបួសខ្មែរទាំងអស់ ដែលថ្ងៃនេះ (១៨|០៧|២០២៣) «សមាគមអតីតអ្នកបួសខ្មែរ» ត្រូវបានចុះបញ្ជីជាផ្លូវការដោយជោគជ័យនៅក្រសួងមហាផ្ទៃ។
ឯកឧត្តម ហឿន សំនៀង បានបន្តថា នេះជាការចាប់ផ្តើមរបស់ពួកយើង, យើងនៅមានដំណើរដ៏វែងឆ្ងាយជាមួយគ្នា ក្នុងស្មារតីជាបងប្អូនរួមត្រកូលដំបូលវត្តអារាម និងសាសនា។
ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមសង្ឃឹម និងសូមគោរពអញ្ជើញបងប្អូនអតីតអ្នកបួសខ្មែរទាំងអស់គ្រប់ជំនាន់ចូលរួមជាមួយមាគមនេះ ដើម្បីយើងមានឱកាស និងលទ្ធភាពជួយគ្នា (អតីតអ្នបួសដូចគ្នា) រួមគ្នាទ្រទ្រង់ និងការពារព្រះពុទ្ធសាសនានៃយើងជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តម ហឿន សំនៀង សូមអបអរសាទរបងប្អូនអតីតអ្នកបួសខ្មែរទាំងអស់គ្នាផងដែរ៕