ក្រុមចោរឆក់ពីម៉ូតូកង់បីកក្រើកហ្វេសប៊ុក ពេលនេះអស់លក្ខណ៍របស់ប៉ូលិសហើយ!
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចខាងមុខ ផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។
គួរជម្រាបជូនថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។
ប្រភពបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។
២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ១៨ឆ្នាំ
៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ១៩ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕