នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ៖ «កីឡាករត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ មានមនសិការជាតិ និងមិនត្រូវចាញ់ច្រាបគូរប្រកួតជាដាច់ខាតទោះបីជាត្រូវប្រកួតលើទឹកដីគេក៏ដោយ»
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមទស្សនាការប្រកួតមិត្តភាព ដកស្រង់បច្ចេកទេសរវាងក្រុម សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន។
នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានណែនាំដល់ «កីឡាករត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ មានមនសិការជាតិ និងមិនត្រូវចាញ់ច្រាបគូរប្រកួតជាដាច់ខាតទោះបីជាត្រូវប្រកួតលើទឹកដីគេក៏ដោយ»។ឯកឧត្តមបន្តថា «ក្នុងនាមកីឡាករបាល់ទាត់គឺត្រូវមានភក្តីភាព ភាពស្មោះត្រង់ ស្មោះស្ម័គ្រ ស្ដាប់បង្គាប់ ស្ដាប់តាមការណែនាំរបស់គ្រូបង្វឹក ឬប្រធានក្រុម»។
ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបន្តថ្លែងថា កីឡាករនៅលើសមរភូមិគឺជាវីរជន ត្រូវប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ លេងឲ្យយល់គ្នា ហាមឆេវឆាវ យកទេពកោសល្យមកធ្វើការប្រកួត ដើម្បីធ្វើឲ្យទេពកោសល្យកាន់តែប្រសើរឡើង និងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមប្រកួតឲ្យទទួលបានជោគជ័យ៕