សម្ដេចតេជោប្រាប់អង្គការមិនមែនរដ្ឋាភិបាលអនុវត្តស្តង់ដារពីរនៅកម្ពុជាមួយចំនួនឲ្យបញ្ឍប់ការនិយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមបានផ្ញើសារទៅកាន់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលអនុវត្តស្តង់ដារពីរនៅកម្ពុជាឲ្យបញ្ឍប់ការនិយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅកាលពីម៉ោង១និង៤៩នាទីថ្ងៃ១៧ ខែកុម្ភ: ឆ្នាំ២០២៣នេះថា យប់នេះ ខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រទៅហើយ តែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដារពីរ។ ផែង វណ្ណ: ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឱ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។ (ខ្ញុំមិនកាន់ជើងផែង វណ្ណ:ទេ)។

សម្ដេចតេជោបន្តថា តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណ: និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។

សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។

សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងសង្កត់ធ្ងន់ៗថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង