ស្ដ្រីជាម្ដាយ ស្ដ្រីក្នុងវ័យបន្ដពូជ ត្រូវគិតគូរពីសុខភាពផ្ទាល់ខ្លួន គិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ

ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយ ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាខេត្ត និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានអញ្ជើញ ដឹកនាំ សមាជិកសមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត រួមទាំងមានការចូលរួមពីបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល សួសុខទុកដល់ស្ត្រីសម្រាលកូន និងស្ត្រីត្រៀមសម្រាល ចំនួន ៦១ នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែ កុម្ភះ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧកញ៉ា សុខ ផេង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ស្ដ្រីជាម្ដាយទាំងអស់ ដែលមកសម្រាល និងស្ត្រីត្រៀមមកសម្រាលនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារនេះ។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ណែនាំ ចង្អុលបង្ហាញ និងជំរុញសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត និង ខិតខំធ្វើយ៉ាងណា បន្ដយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ណែនាំ ដល់ស្ដ្រីជាម្ដាយ ស្ដ្រីក្នុងវ័យបន្ដពូជ គិតគូរពីសុខភាពផ្ទាល់ខ្លួន គិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ។

លោកក៏បានលើកឡើងអំពីសាលិខិតសំខាន់ៗមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជូនបងប្អូនជនរួមជាតិមានខ្លឹមសារដូចជា៖ សូមស្រ្តីមានផ្ទៃពោះទាំងអស់៖ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាក់មុនពេលសម្រាល ទៅទទួលថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។ ក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ សូមយុវតីឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់។ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបជូនថា សាខាក៏បានផ្តល់អំណោយដល់ស្រ្តីសម្រាលកូន និងត្រៀមសម្រាលចំនួន៦១នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល ឃីតមួយកញ្ចប់ មីមួយកេស ត្រីខ មួយយួរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង