លោកអធិការនគរបាលក្រុងតាខ្មៅអំពាវនាវឲ្យពលរដ្ឋអញ្ជើញមកចូលរួមធ្វើអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរថ្មីនៅអធិការដ្ឋាន
កណ្ដាល៖ លោកវរសេនីយ៍ ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣បានអំពាវនាវដល់ប្រជារដ្ឋដែលមានវ័យគ្រប់អាយុសូមអញ្ជើញមកធ្វើអត្តសញ្ញាណបណ្ណ ដោយអញ្ជើញមកបំពេញបែបបទ និងថតរូបដើម្បីទទួលបាននូវប័ណ្ឌសម្គាល់ ដែលអធិការក្រុងតាខ្មៅ បានចាប់ផ្ដើមគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះតទៅនៅអធិការដ្ឋានរៀងរាល់ម៉ោងធ្វើការ។
លោកវរសេនីយ៍ ឯក យី វណ្ណដា បានបញ្ជាក់ទៀតថា សេចក្ដីប្រកាសធ្វើអត្តសញ្ញាណប័ណ្ឌខ្មែរថ្មីនេះ មិនចាំបាច់តែបុគ្គលគ្រប់អាយុនោះទេ គឺឲ្យតែពលរដ្ឋទាំងឡាយណាមានបញ្ហា ដូចជាជ្រុះបាត់ ត្រូវទឹករលុប បាក់រហែក ឬមានបញ្ហាផ្សេងៗ សូមអញ្ជើញមកចូលរួមជួបជាមួយកម្លាំងជំនាញដើម្បីធ្វើអត្តសញ្ញាណប័ណ្ឌខ្មែរថ្មី ធ្វើដោយឥតគិតថ្លៃ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ការធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មីនេះ អធិការដ្ឋានក្រុងតាខ្មៅយើងនិងបន្តអនុវត្តន៍បំពេញជូនប្រជាពលរដ្ឋរៀងរាល់ម៉ោងធ្វើការ គិតចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសៅរ៍ ឬអាចធ្វើនៅថ្ងៃអាទិត្យទៀតក៏មានដែរ ពីព្រោះជាថ្ងៃសម្រាក អាចមានពលរដ្ឋអ្នកធ្វើការទំនេច្រើន ហើយធ្វើពីថ្ងៃនេះរហូតដល់អស់ពលរដ្ឋមកធ្វើ។
លោកវរសេនីយ៍ ឯក យី វណ្ណដា បានបន្ទៀតថា សកម្មភាពខាងលើនេះ ក៏ជាតម្រូវការរបស់ប្រជាពលរដ្ឋផង និងជាការចង្អុលបង្ហាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលថែមទៀតផង ដែលលោកតែងតែដាស់តឿនក្រើនរំលឹកដល់គ្រប់អធិការស្រុក ក្រុង ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះសេវាសាធារណ: និងសន្តិសុខឲ្យបានល្អ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល៕