ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងក្នុងកាស៊ីណូភ្នំដិនយ៉ាងច្រើនកុះករដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តតាកែវ

កណ្តាល៖ កាស៊ីណូ ថប ដាយអឹមុិន Top Diamond Casino ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវបានលួចបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រើនកុះករដោយពុំការទប់ស្កាត់ពីអាជ្ញាធរ ស្រុកនិងខេត្តតាកែវឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពបន្តថា ភាគច្រើនគឺជាអ្នកញៀនល្បែងមាន់ជល់ដីនិងល្បែងផ្សេងៗទៀតក្នុងកាស៊ីណូដែលជាប្រជាជនខ្មែរតែងតែនាំគ្នាចូលលេងដោយមានការបើកភ្លើងខៀវពីភាគីកាស៊ីណូនិងអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះ វាផ្ទុយនឹងច្បាប់អាជីវកម្មកាស៊ីណូទាំងស្រុង។

ប្រភពបន្តថា សកម្មភាពដែលកាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើនេះ មិនមែនជាលើកទី១នេះទេ គឺគេលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងយូរហើយ ព្រោះខាងកាស៊ីណូគេយកតុងនិងបានទាំងលក់អាហារភេសជ្ជៈនៅក្នុងនោះផង។

ទាក់ទិននឹងករណីកាស៊ីណូលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើ ពលរដ្ឋសំនូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងផង ព្រោះសកម្មភាពខាងលើនេះ វាផ្ទុយនឹងច្បាប់ធ្វើអាជីវកម្មកាស៊ីណូហើយ ម្យ៉ាងវិញទៀតគឺបានប្រព្រឹត្តផ្ទុយនឹងគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជការហើយ។

ទោះបីជាយ៉ាងបណ្ដាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីភាគីកាស៊ីណូបាននៅឡើយនោះទេ ព្រោះពុំលេខទូរស័ព្ទដែលអាចទំនាក់ទំនងគ្នាបាន៕ ដោយ៖ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង