ខ្មែរពិតជាធ្វើបានទៀតហើយ សូមអបអរសាទរ កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦
ភ្នំពេញ៖ ពាក្យថាខ្មែរធ្វើបានពិតជាអស្ចារ្យណាស់ ពេលនេះខ្មែរធ្វើបានទៀតហើយ នៅលើឆាកអន្តរជាតិ ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។ នេះតាម Facebook ផ្លូវការសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា ភាគីកម្ពុជាបានឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នាឆ្នាំ២០២៦ខាងមុខ។ ការបោះឆ្នោតគឺប្រព្រឹត្តទៅនៅលើទំព័រហ្វេសប៊ុក World Association of Girl Guides and Girl Scouts ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៣។
ការបោះឆ្នោតនេះធ្វើឡើងក្នុងសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោកនៅប្រទេសស៉ីប (Cyprus) ខណៈប្រតិភូកាយឫទ្ធិកម្ពុជា ដឹកនាំដោយលោកជុំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
នៅក្នុងសន្និបាតនោះក៏មានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្នុងនោះមានប្រទេសចំនួន៣ដែលជាឈរជាបេក្ខភាពក្នុងការបោះឆ្នោតនេះ រួមមាន៖ កម្ពុជា ហ្កាណា និងទុយណេស៊ី ហើយទីបំផុត កម្ពុជាក៏បានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។
ទន្ទឹមជាមួយភាពអស្ចារ្យខាងលើនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នារាត្រីនេះក៏បានលើកឡើងផងដែរថា ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ។
ឯកឧត្តមបណ្ឌិតបានបន្តថា កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោតជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។
ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិតបានថ្លែងបន្តទៀតថា ឯកឧត្តមក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាម online ដែលចូលរួមឲ្យយើងទទួលបានជោគជ័យ៕