លោក ចាប ច័ន្ទវិទ្យា នឹងជំរុញឲ្យមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត​ដើម្បីលើកស្ទួយសេដ្ឋកិច្ចទីផ្សារក្នុងមូលដ្ឋាននៃស្រុកលេីកដែកឲ្យបានកាន់តែល្អប្រសេីរឡើង

កណ្តាល៖ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក នាថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣​នេះ បានដឹកនាំក្រុមការងារគណបក្សស្រុក​ ចុះសំដែងការគួរសម​ និងថ្លែងអំណរគុណដល់មាមីងបងប្អូនអាជីវករលក់ដូរក្នុងផ្សារព្រែកដាច់​ ដែលបានទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣​កន្លងទៅនេះ។

នេះបើតាមការលើកឡើងរបស់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកនៅលើទំព័រហ្វេសប៊ុករបស់លោកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានោះ លោក ចាប ច័ន្ទវិទ្យា បានគូសបញ្ជាក់ថា ក្នុងនាមប្រធានគណបក្សស្រុក​ និងក្រុមការងារ​ សូមលេីកម្រាមដៃដប់អរគុណចំពោះមាមីងបងប្អូនប្រជាពលរដ្ឋ​ ដ៏ដូចជាអាជីវករលក់ដូរនៅក្នុងផ្សារព្រែកដាច់ទាំងអស់ដែលបានបន្តការគាំទ្រ​ និងជឿជាក់លេីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមគ្នានោះ លោកអភិបាលស្រុកលើកដែកបានគូសបញ្ជាក់ទៀតថា លោកនិងក្រុមការងារនឹងបន្តជំរុញឲ្យមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត​ ជាពិសេសលើកស្ទួយសេដ្ឋកិច្ចទីផ្សារក្នុងមូលដ្ឋាននៃស្រុកលេីកដែកឲ្យបានកាន់តែល្អប្រសេីរថែមមួយកម្រិតទៀត៕  

អត្ថបទដែលជាប់ទាក់ទង