ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារប្រគេនទៀនចំណាំព្រះវស្សានិងទេយ្យវត្ថុដល់វត្តអារាមចំនួន៤២ក្នុងស្រុកកោះធំ និងក្រុងសំពៅពូន

កណ្តាល៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងសំពៅពូន នាព្រឹកថ្ងៃអង្គារទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងសមាជិក សមាជិកាក្រុមការងារ នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ រួមទាំងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ គង់នៅអារាមចំនួន ៤២កន្លែង ក្នុងស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្តាល។

គួរជម្រាបជូនថា ក្នុងពិធីនេះផងដែរ ត្រូវបានប្រារព្វឡើងតាមព្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ និងបវារណាចតុបច្ច័យ ប្រគេនចំពោះព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ខណៈពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា ដោយមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនសូត្រធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

គួរជម្រាបជូនបន្ថែមថា ចំពោះទេយ្យវត្ថុ និងគ្រឿងបរិក្ខារ ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា រួមទាំងក្រុមការងារបាននាំយកទៅប្រគេនជូនដល់ព្រះសង្ឃទាំង៤២វត្ត នាឱកាសនោះ ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា១គូ សាដក់ ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករ-ស ទឹកដោះគោ ត្រីខកំប៉ុង និងមី ព្រមទាំងបច្ច័យ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រុងរឿងទៅមុខបន្តទៀត។

គួរបញ្ជាក់ថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូនឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនភាគច្រើននៅកម្ពុជាគោរពប្រណិប័តន៍តាម ដោយហេតុថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ចេះជួយយកអាសារ មានសាមគ្គីភាពរនិងនាំឱ្យសង្គមរស់នៅ ដោយសុខដុមរម្យនា ក្រោមម្លប់សន្តិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង