ត្រឹមរយ:ពេល៧ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរទស្សនាក្នុងតំបន់អង្គរជាង២លាន៦៤ម៉ឺននាក់!

 

ភ្នំពេញ៖ មន្ដ្រីជំនាញផ្នែទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានទៅទស្សនារមណីយដ្ឋានអង្ករក្នុងរយ:ពេល ៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២,៦៤៣,០០០នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២។

បើតាមលោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២,៦៤៣,០០០នាក់នោះ មានលំហូរភ្ញៀវទេសចរខ្មែរ ចំនួន ២,២០៣,៦៩៦នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរ មាន ៤៣៩,៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរ ត្រឹមតែ ៨៣,៨៥៤នាក់ប៉ុណ្ណោះ។

លោកបានបន្ដថា ក្នុងរយ:ពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ មានអ្នកទេសចរសរុបចំនួន ២,៦៤៣,០៦១នាក់។

លោកបានបន្ដថា ចាប់ពីខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណ:ដែលរាជរដ្ឋាភិបាល បើឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ។

ពាក់ព័ន្ធនឹងចំនួនភ្ញៀវ យើងសង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែ៩ រហូតដល់ចុងខែធ្នូ អត្រាចំនួនភ្ញៀវមានការកើនឡើងនូវភ្ញៀវទេសចរអន្ដរជាតិ ព្រោះបើយើងប្រៀបធៀបភ្ញៀវទេសចរ ៧ខែ កាលពីឆ្នាំ២០២២ កន្លងមក មានតែ ៨ម៉ឺននាក់ជាង ដល់ឥឡូវនៅឆ្នាំ២០២៣មានរហូតជិតទៅដល់ ៤៤ម៉ឺននាក់ ចឹងវាមានការកើនឡើងប្រហែលជាង ៤០០ភាគរយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥៣,៥៩៦នាក់ បើធៀបរយ:ពេលដូចគ្នានឹងឆ្នាំ២០២២ កើនឡើងជាង ១២៤ភាគរយ។ ដោយបានចំណូលថវិកា ២,៤៣៩,៩២៧ដុល្លា បើបរៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកក្កដាឆ្នាំ២០២៣ ចំនួន ១០៧,១៩២ដុល្លា។សេចក្ដីប្រកាសដដែលបានបន្ថែមថា ក្នុងរយ:ពេល ៧ខែ ឆ្នាំ២០២៣នេះ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ មានចំនួន ២០,៣១៧,៣៤៥ដុល្លា កើនឡើងជាង ៥០០ភាគរយ ប្រៀបធៀបក្នុងរយ:ពេលដូចគ្នានៃឆ្នាំ២០២២កន្លងមក ខណ:ដែលភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រមានចំនួន ៤៣,៩៣៦៥នាក់ កើនឡើងជាងឆ្នាំ២០២២ ជាង ៤០០ភាគរយក្នុងរយ:ពេល ៧ខែនេះ។ សេចក្ដីប្រកាសព័ត៌មានបានបន្ដថាចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផារយ:ពេល ៧ខែក្នុងឆ្នាំ២០២៣ មានចំនួន ៨៧៨,៧៣០ដុល្លា។ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែកក្កដា មានចំនួន ១០,៥៩០ដុល្លារ និងរយ:ពេល ៧ខែ មានចំនួនជាង ១០ម៉ឺនដុល្លារ។ ចំណូលពីការលក់សំបុត្រទូករយ:ពេល ៧ខែ ឆ្នាំ២០២៣ មានចំនួន ៣២៨, ៦៦៨ដុល្លា៕

អត្ថបទដែលជាប់ទាក់ទង