ចុះទៅក្នុងអណ្ដូងបាត់យូរទៅៗ ក្រុមគ្រួសារប្រទះឃើញដេកស្លាប់ទាំង២នាក់

ព្រៃវែង៖ កម្មករចំនួន០២នាក់បានបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈស៊ីឈ្នួលចុះស្ដារនិងដាក់លូ ក្នុងអណ្ដូងទឹកដែលគ្មានឧវករណ៍គ្រប់គ្រាន់ត្រឹមត្រូវបណ្ដាលឲ្យខ្វះខ្យល់អុកស៊ីហ្សែនសម្រាប់ដកដង្ហើម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៨:០០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែខាងលិច ភូមិស្គាក្តីចម្ងាយ១៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។

បើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះទាំង២នាក់៖ទី១.ឈ្មោះ ជ្រឿន ដេន ភេទប្រុស អាយុ៤៣ឆ្នាំនិងទី២.ឈ្មោះ ធន់ សារ៉េន ភេទប្រុស អាយុ ៥៤ឆ្នាំ(ស្លាប់)អ្នកទាំង២នៅភូមិ-ឃុំកើតហេតុ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ម្ចាស់អណ្ដូងទឹកបានជួលជនរងគ្រោះទាំង០២នាក់ខាងលើឱ្យមកជួយស្ដារអណ្ដូង និងដាក់លូបន្ថែម។ដោយអណ្ដូងមានលូ១០កង់រួចហើយ និងដាក់ថែមលូ៣កង់ទៀតដើម្បីឲ្យចេញទឹក។ខណៈដែលជនរងគ្រោះទាំង២នាក់បានចុះទៅក្នុងអណ្ដូងបាត់យូររហូតដល់ម៉ោង៩:០០យប់ថ្ងៃដដែល ទើបក្រុមគ្រួសារ ទៅរកមើលក៏ឃើញដេកស្លាប់ក្នុងអណ្ដូងបាត់ទៅហើយ។

ប្រភពពីសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះទាំងពីរនាក់ចុះអណ្ដូងដែលមានជម្រៅជ្រៅ ហើយគ្មានខ្យល់អុកស៊ីហ្សែន ទើបបណ្ដាលឱ្យស្លាប់បែបនេះ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង