ឃើញគ្នាអនាថាគ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស…!
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារលើទំព័រហ្វេសប៊ុកដោយមានខ្លឹមសារថា «ចឹងបានថា ឃើញគ្នាអនាថាគ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ បើឃើញមានម៉ូតូនៅក្បែរ មានសម្ភារៈជាប់ខ្លួន ប្រជែងគ្នាដឹក»។
ក្នុងខ្លឹមសារនោះបានគូសបញ្ជាក់ថា ជាក់ស្ដែងនៅ វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៣ មានស្ត្រីអនាថាម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តហាយលេនឌ័បើកបុកបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ នៅចំណុចមុខផ្សារសេនជូរីតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្វីដែលប្រជាពលរដ្ឋនៅកន្លែងកើតហេតុហួសចិត្តគ្រប់គ្នា ព្រោះឃើញឡានពេទ្យឯកជនជាច្រើនគ្រឿងបានមកដល់ហើយគ្រាន់តែឃើញជនរងគ្រោះជាជនអនាថា ប្រញាប់ប្រញាបើករថយន្តចេញឡើងលឿន មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ។
សូមអរគុណដល់រថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកពោធិ៍ចិនតុងដែលបានមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
គួរជម្រាបជូនថា ចំពោះខ្លឹមសារខាងលើដែលឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការគឺឯកឧត្ដមទទួលបានពីប្រភពឈ្មោះ ទេព ប៉ុន៕