សមាគមព័ត៌មានអនឡាញកម្ពុជាប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សមាគមព័ត៌មានអនឡាញកម្ពុជានៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ស្ដីពីលទ្ធផលនៃការបោះឆ្នោតជ្រើងតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

សមាគមព័ត៌មានអនឡាញកម្ពុជា បានចូលរួមនិងបានតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានឃើញថា ដំណើរការប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសមានប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោតរហូតជាង៨លាននាក់ ស្មើនឹងជាង៨៤% បានអញ្ជើញទៅបោះឆ្នោត ដែលនេះគឺជាតួលេខដ៏ខ្ពស់គួរឱ្យកោតសរសើរនូវស្មារតីចូលរួមរបស់ប្រជាជនចំពោះជោគវាសនាប្រទេសជាតិ។

សមាគមព័ត៌មានអនឡាញកម្ពុជា បានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងទាំងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

យោងតាមបរិយាកាសដ៏ល្អបំផុត នៃដំណើរការបោះឆ្នោតនេះ សមាគមព័ត៌មានអនឡាញកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបាន ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ៕

អត្ថបទដែលជាប់ទាក់ទង