ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណេត ប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន

ភ្នំពេញ៖ បន្ទាប់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណា-ចក្រកម្ពុជា ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យលេខនស/រកត/០៨២៣/១៧៧២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ចាត់តាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានថ្មាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ រួមទាំងមហាជនគ្រប់មជ្ឍដ្ឋាន និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសាទីបានផ្ញើសារអបអរសាទរចំពោះរូបឯកឧត្ដម។

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងតេលេក្រាមផ្លូវការរបស់ឯកឧត្ដមបានលើកឡើងថា ឯកឧត្តមសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបឯកឧត្ដមក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបឯកឧត្ដមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានបន្តថា ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបឯកឧត្ដម ដោយឯកឧត្ដមសូមប្តេជ្ញាចិត្តខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង