ឯកឧត្តម យិត បុណ្ណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការងារជួសជុលឡើងវិញលើកំណាត់ផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រលេខ៩៤ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម យិត បុណ្ណា នារសៀលថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការងារជួសជុលឡើងវិញលើកំណាត់ផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រលេខ៩៤ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំខាងលើ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀត។
គួរជម្រាបជូនថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរខេត្តមណ្ឌលគិរីបានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជនទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៧៦.A ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញទៅខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និងខេត្តរតនៈគិរី វិញ ដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាជាង១០ម៉ែត្រ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៧៦ ស្នួល-រតនគិរី ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក៏បានបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នហើយ៕