ឯកឧត្ដម ខៀវ កាញារីទ្ធ៖ បច្ចុប្បន្នមន្រ្ដីក្រសួងព័ត៌មាននៅខ្វះការទំនាក់ទំនងផ្ទៃក្នុង
ភ្នំពេញ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើព័ត៌មាន ជាពិសេសគឺការខ្វះទំនាក់ទំនងផ្ទៃក្នុង។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបានធ្វើឡើងក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។
ឯកឧត្ដមបានបន្ដថា នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុងរបស់យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមានប្រកាន់បក្សពួក ឬនៅមានគ្រួសារ។
ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារគ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះ ព័ត៌មានគឺមានច្រើនណាស់។
ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះគឺរត់លឿនណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះគឺសំខាន់ណាស់ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។
ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់រាជធានី ខេត្ដ ទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី១ ការរាប់អានគ្នាជាបងប្អូន ទី២ ការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួងក៏ត្រូវរៀបចំការប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់។
ឯកឧត្ដមបានចាត់ទុកថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ពីព្រោះ បើកាលណាយើងរៀបចំប្រជុំគឺយើងអាចជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់ឯងបាននោះទេ។
ឯកឧត្ដមរដ្ឋមន្រ្ដី ខៀវ កាញារីទ្ធ បានជំរុញដល់គ្រប់ផ្នែក ត្រូវចងចាំថា ការងារព័ត៌មាននេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គីភាពគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕