ប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោក៣នាក់ត្រូវបានលោកឧត្ដមសេនីយ៍ឯក ស ថេត ដកនិងផ្អាកការងារជាបណ្ដោះអាសន្ន


នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ។ នេះបើតាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

យោងតាមលិខិតបង្គាប់ការដដែលនេះ បានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖
១ លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក
២.លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក
ទី៣. លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី។

ប្រភពផ្សេងបានអះអាងថា មូលហេតុដែលមន្ដ្រីនគរបាលទាំង៣នាក់នេះ ត្រូវបានផ្អាកការងារបណ្ដោះអាសន្នដោយសារតែកំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដោយសារតែបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង និងធ្វើឡើងតាមបណ្ដឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង