ផ្ទុះកំប៉ុងហ្គាសបណ្តាលឱ្យឆេះផ្ទះមួយកន្លែងក្នុងក្រុងសៀមរាប
កាលពីវេលាម៉ោង១៧៖៣០នាទី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកើតឡើងបានបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្រុមទី០២ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ុត ស្រីលាភ ភេទស្រី អាយុ ២៨ឆ្នាំ បណ្តាលឲ្យខូចខាត ផ្ទះសង់អំពីថ្ម ដំបូលប្រក់ស័ង្កសី ទំហំ៩ម៉ែត្រ x ១២ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយមូលហេតុមានការធ្វេសប្រហែសបណ្ដាលឲ្យផ្ទុះកំប៉ុងហ្គាសនៅក្នុងផ្ទះ។
តាមប្រភពបានបញ្ជាក់ថា ករណីនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕