ប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនបាន៦នាក់ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ប៉ូលិសខេត្តបាត់ដំបងនៅវេលាម៉ោង១៣៖២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ចុះបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួយ០៦នាក់។
គួរជម្រាបថា ការចុះខាងលើនេះ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន។
តាមប្រភពថា ជនសង្ស័យទាំង៦នាក់រួមមាន៖ ១. ឈ្មោះ រេន រ៉ាប៊ី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២.ឈ្មោះ រ៉ាក់ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៣.ឈ្មោះ ខេង ម៉ាឃីម ហៅ លី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង, ៤.ឈ្មោះ លន់ ពន្លឺ ហៅ កា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៥.ឈ្មោះ ស្រិល យូរី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និង៦.ឈ្មោះ ធុំ ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការបង្ក្រាបប៉ូលិសចាប់យកវត្ថុតាងបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០២ថង់ ទម្ងន់ ១,៩៨ក្រាម, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង័្សយខាងលើនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕