ផ្ទះអាវុធមួយករណីទៀត ខណៈកម្លាំងប៉ូលិសខេត្តព្រះសីហនុ ដេញបង្រ្កាបករណីចាប់ជំរិត ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន បាន៣នាក់ និងរំដោះជនរងគ្រោះ៣នាក់ផងដែរ
នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានដេញបង្ក្រាបករណីចាប់ជំរិតជនជាតិចិនមួយករណី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពីផ្លូវរង្វង់មូលតោ២ ទៅកាន់ឆ្នេរអូរត្រេះ។នេះបើតាមការថ្លែងឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា សម្រាប់ការបង្ក្រាបនេះ កម្លាំងនគរបាលរបស់លោកចាប់បានជនសង្ស័យចំនួន៣នាក់ ជនជាតិចិន និងរំដោះបានជនរងគ្រោះជាចិនដូចគ្នាចំនួន ៣នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ដែរថា ការបង្ក្រាបករណីចាប់ជំរិតនេះ ជនសង្ស័យក៏បានផ្ទុះអាវុធទៀតផង។ ក្រៅពីការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដកហូតកាំភ្លើង១ដើម និងរថយន្តចំនួន២គ្រឿងផងដែរ។
នៅពេលនេះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់បក្ខពួកនៅដែលសេសល់៕