ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា «ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»
នៅបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបកស្រាយ៥ ចំណុច ជុំវិញនយោបាយរបស់ ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់ថា «ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។
តាមរយៈបណ្តាញសង្គម ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបកស្រាយដូចតទៅ៖
*១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ «យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និងចាប់ពីពេលនេះតទៅ «យុទ្ធសាស្ត្របញ្ចកោណ» ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
*២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន (កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា «គម្ពី» ទី៣ ដែលតាមគោលការណ៍ និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។
*៣.រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…) តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង (…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។»
*៤.រីឯដំណាក់កាលទី១ វិញ គឺជាអ្វីដែលរាជរដ្ឋាភិបាល «ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវអនុវត្ត ពីពេលនេះតទៅ និងសម្រាប់រយៈកាលខ្លី ពី៥ទៅ៧ឆ្នាំខាងមុខ។ នៅក្នុងចំណោម វិធានការគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ, ការយកចិត្តទុកដាក់ទៅលើប្រជាជន«អ្នកលំបាក» ជាងគេ គឺជាអាទិភាពចំបង។ ជាក់ស្តែង ដូចដែលឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤សីហាសប្តាហ៍មុន និងកាលពីម្សិលមិញថ្ងៃទី២៨សីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច, ពង្រឹងសន្ទុះនៃ
ការបង្កើតការងារឲ្យបានច្រើន, ពង្រឹងសមធម៌សង្គម, ពង្រឹង គុណភាពនៃវិស័យអប់រំនិងសុខភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល…។ ទាំងនេះ ស្តែងឲ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងនេះក៏ស្តែងឲ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះ អ្នកដែលនៅក្នុងសង្គមយើង មានជីវភាពលំបាកជាងគេ រួមមានដូចជាកម្មករ-កម្មការិនី បណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចំការ។
*៥.ក្នុងគ្រាបច្ចុប្បន្ន នៅក្នុងស្ថានការណ៍មួយដុនដាបខ្លាំងនៃសេដ្ឋកិច្ចពិភពលោក តំបន់ និងជាតិ, រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តដាក់ចេញនូវ «គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០%» បង្រួមវិសមភាព សេដ្ឋកិច្ចនិងសង្គម, រក្សាកំណើនសេដ្ឋកិច្ច និងទន្ទឹមនេះ ពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដោយគិតគូរជាពិសេស ដល់អ្នកដែលមានជីវភាពលំបាកលំបិនជាងគេ។ ដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិយើង, សុទិដ្ឋិនិយម ទំនុកចិត្ត និងក្តីសង្ឃឹម របស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត៕