ព្រឹកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ

នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុបជិត២ម៉ឺននាក់ទៀតមកពីរោងចក្រ សហគ្រាស​​នានា​​នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពបានឲ្យដឹងថា នីព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុប១៨,២៨៩នាក់។ ក្នុង​នោះ​​មានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ ប្រភពបន្តថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង​១៤​នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញ​ចំនួន២ និងបោកគក់​​សម្លៀកបំពាក់ចំនួន៣។

គួររំលឹកជូនថា ក្នុងជំនួបលើកទី១មួយកម្មករ និយោជិត បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ ជំនួបលើកទី១នោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ា​ណែត បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេស​យុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ​កំណើន​ការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបលើកដំបូងជាមួយកម្មករ និយោជិតក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ រួម​មាន៖

*ទី១.ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ​វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុន​ពេល​ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

*ទី២.រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យ​បានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើត​យន្ត​ការ​ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

*ទី៣.រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់​យុវជន​មក​ពី​គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និង​សម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គ​បណ្តុះ​បណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

*ទី៤.ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប​តាមច្បាប់ស្តីពី​ការ​ងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ​ជំនាញ​ឡើង​វិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ច​ក្នុងការបណ្តុះបណ្តាល​កម្មករ​ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើក​កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

*ទី៥.យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន​ពេល​សម្រាល​កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន​ភាព​ងាយ​ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព​បានចេញ​ធ្វើការមុន ១៥នាទី។

*ទី៦.បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បី ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង