នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ៖ កន្លងទៅមានអភិបាលខណ្ឌមានឋានៈស្មើរដ្ឋមន្ត្រី នាំឱ្យមានការលំបាកក្នុងការបំពេញការងារ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កន្លងទៅមានអភិបាលខណ្ឌមានឋានៈស្មើរដ្ឋមន្ត្រី នាំឱ្យមានការលំបាកក្នុងការបំពេញការងារ។ ការថ្លែងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការតែងតាំងទីប្រឹក្សា ជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងតាមបណ្តាក្រសួង ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ បើយកតួនាទីដែលមានឋានៈស្មើ ត្រូវដាក់ចុះការងារក្នុងក្របខណ្ឌ បើយកការងារក្នុងក្របខណ្ឌ ត្រូវលុបតួនាទីដែលមានឋានៈស្មើ។
ឯកឧត្តមបណ្ឌិតបន្តថា ការតែងតាំងមន្ត្រីតាមក្រសួងត្រូវឈរលើ គុណាធិបតេយ្យ និងការបន្ស៉ីគ្នារវាងអ្នកចាស់ និងអ្នកថ្មី។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ដ្រីបានថ្លែងបន្ថែមថា សម្រាប់ថ្នាក់ដឹកនាំវិស័យឯកជន ដែលមានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សាមិនអាចមានឋានៈស្មើនោះឡើយ។
ទន្ទឹមនោអ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហើបថា នៅពេលខាងមុខនេះនឹងមានការចេញព្រះរាជក្រឹត្យមួយកំណត់ពីការតែងតាំង និងបែងចែកតួនាទីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិនឱ្យស្ទួននោះឡើយ៕