រដ្ឋមន្រ្តីក្រសួងសុខាភិបាលលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តបំពេញភារកិច្ចការងារបម្រើជាតិ និងប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងថ្នាក់ដឹកនាំក្រសួង នៅព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅឃ្លាំងឱសថកណ្តាល អគ្គាធិការដ្ឋាន នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងឃ្លាំងសម្ភារៈ នៃក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តបំពេញភារកិច្ចការងារបម្រើជាតិ និងប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព។

ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យនិងផ្តល់អនុសាសន៍ល្អៗ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃឃ្លាំងឱសថកណ្តាល ដើម្បីបន្តពង្រឹងការគ្រប់គ្រង ការថែរក្សា ការដឹកជញ្ជូន និងការបែងចែកឱសថ ថ្នាំបង្ការរោគ និងសម្ភារៈបរិក្ខារ ទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ធានាបាននូវគុណភាព និងសុពលភាពនៃផលិតផល។

ឯកឧត្តមសាស្រ្តាចារ្យក៏បានលើកទឹកឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាសុខភាពផ្លូវចិត្ត ពីព្រោះជាផ្នែកមួយនៃសុខុមាលភាពពេញលេញរបស់មនុស្សគ្រប់រូប ហើយផលវិបាកនៃបញ្ហាសុខភាពផ្លូវចិត្តអាចកើតឡើងដោយមិនអាចស្មានដឹងមុនបាន។

ទន្ទឹមនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានណែនាំឱ្យមានការពិគ្រោះយោបល់ថែមទៀតពីវិធីសាស្រ្តដើម្បីអភិវឌ្ឍនិងធានាគុណភាពនៃសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត និងបានណែនាំឱ្យមានការយកចិត្តទុកដាក់ថែមទៀតដល់ការអប់រំ និងព្យាបាលអ្នកប្រើគ្រឿងញៀន ពីព្រោះផលវិបាកនៃការប្រើគ្រឿងញៀនអាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង