ប្រជាពលរដ្ឋស្រែកសុំថ្នាក់ដឹកនាំឱ្យជួយរកយុត្តិធម៌ រឿងវិវាទដីធ្លីដែលបានប្តឹងពួកគាត់ជិត៣០នាក់ ក្នុងនោះមានម្នាក់ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមឱ្យអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្តឹងចោទប្រកាន់ទៅតុលាការលើទីតាំងដីដែលមិនមែនជាការហាមឃាត់ និងបណ្តេញចេញដូចមានកំណត់នៅក្នុងលិខិតលេខ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាលិខិតឆ្លើយតបជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពបានបន្តឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតលេខ ១១០០ សជណ.ដប ជម្រាបជូនមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានខ្លឹមសារត្រង់កថាខណ្ឌទី២ បញ្ជាក់ថា «មិនអនុញ្ញាតឱ្យមានការរស់នៅ និងអាស្រ័យផលនៅក្នុងទីតាំងភូមិដីក្រហម ស្ថិតនៅចុងគីឡូម៉ែត្រលេខ ១៣៧ (ស្ពានលេខ ៣៥) តំបន់អន្ទង់អាំងភ្នំ១៥០០ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់»។ ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ក៏ធ្លាប់បានចេញលិខិតជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ចាត់វិធានការរដ្ឋបាលបោសសម្អាតទីតាំងរស់នៅមិនស្របច្បាប់គិតចាប់ពីចំណុច «ស្ពានអូរ១៧(បច្ចុប្បន្នស្ពានលេខ ៣៥) រហូតដល់លើភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធ៍សាត់»។  សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី  និងលិខិតជូនដំណឹងរបស់អតីតឯកឧត្តមអភិបាលខេត្តមានអត្ថន័យដូចគ្នា គឺហាមឃាត់ និងបណ្តេញចេញនូវការតាំងទីលំនៅមិនស្របច្បាប់នៅលើទីតាំងដីចាប់ពីចំណុចស្ពានលេខ ៣៥  (កាលមុនហៅស្ពានអូរ ១៧) ចុងគីឡូតិ៍ម៉ែត្រលេខ១៣៧ ឡើងទៅលើឆ្ពោះទៅផ្លូវអន្ទង់អាំងភ្នំ១៥០០។ ដូច្នេះផ្អែកតាមខ្លឹមសារនេះ រាជរដ្ឋាភិបាលមិនមានគោលគំនិតហាមឃាត់ និងបណ្តេញចេញនូវប្រជាពលរដ្ឋដែលមានផ្ទះ និងដីចំការចាប់ពីស្ពានលេខ៣៥  (កាលមុនហៅស្ពានអូរ ១៧) ចុះមកខាងក្រោមនោះទេ។

ប៉ុន្តែរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានអនុវត្តលើសបទបញ្ជាដោយបានពង្រីកទំហំទីតាំងដី ដោយបណ្តេញប្រជាពលរដ្ឋចាប់ពីដើមគីឡូតិ៍ម៉ែត្រលេខ១៣៦ ជិតដល់ស្ពានលេខ៣៥ (មិនដល់ចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧) ដែលប្រវែងខុសគ្នាដល់ជិត២០០០ម៉ែត្រ។ ហើយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានប្តឹងព្រហ្មទណ្ឌលើប្រជាពលរដ្ឋចំនួន២៨នាក់ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទ «បានកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទិ្ធ អំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៤» ដោយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តពោធិ៍សាត់បានចាប់ខ្លួន និងឃុំខ្លួនប្រជាពលរដ្ឋអ្នកលក់បាយម្នាក់ ឈ្មោះ សេន ពិសី នៅពន្ធនាគារខេត្តពោធិ៍សាត់។ 

បើតាមប្រជាពលរដ្ឋបានលើកឡើងថា មន្ទីរបរិស្ថានខេត្តបានមូលបង្កាច់ប្រជាពលរដ្ឋថា បានកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទិ្ធ អំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៤ តែជាក់ស្តែងប្រជាពលរដ្ឋមិនបានធ្វើនោះទេ ព្រោះទីតាំងដីផ្ទះរបស់ពួកគាត់ជាភូមិករចាស់ជាង២០ឆ្នាំ (កិរិយាកាន់កាប់គិតពីម្ចាស់ដីដើម) ជាដីវាលស្រាប់ គ្មានព្រៃឈើនោះទេ ហើយប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលលើទីតាំងដីនោះ ដោយគ្មានការហាមឃាត់ ឬបណ្តេញចេញនោះទេ។ ទីតាំងដីទាំងអស់នោះ មានការលក់ដូរជាបន្តបន្ទាប់រហូតមក ហើយរាល់ការលក់ដូរ ឬផ្ទេរកម្មសិទិ្ធមានការទទួលស្គាល់ចុះហត្ថលេខា និងប្រថាប់ត្រា ដឹងឮដោយអាជ្ញាធរភូមិ និងឃុំ លើសពីនេះទៀតទីតាំងដីកន្លែងខ្លះមានប្លង់រឹង និងសាលកប័ត្រចុះបញ្ជីដីប្លង់រឹង។ សំណង់ផ្ទះស្នាក់ ហាងលក់បាយ ផ្ទះសំណាក់ រម្មណីយដ្ឋាន ជាសំណង់គ្រឹះរឹងមាំ សាងសង់ដោយគ្មានការហាមឃាត់ពីអាជ្ញាធរនោះទេ ហើយជាភូមិករនៅអមសងខាងផ្លូវជាតិលេខ៥៥ ជាង២០ឆ្នាំទៅហើយ ហេតុផលចាំបាច់អ្វីត្រូវបណ្តេញចេញ?

បើតាមប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ ភិន អន បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងដែរថា ពួកគាត់បានរស់នៅក្រោមស្ពានលេខ៣៥ តាំងពីអភិបាលខេត្តចាស់ លោក ម៉ៅ ធនិន្ទ គាត់នៅ ហើយគាត់បានចុះអនុញ្ញាតឲ្យពួកគាត់រស់នៅ ប៉ុន្តែបច្ចុប្បន្នពួកគាត់មានបញ្ហាដោយសារតែខាងខេត្តគាត់ថា សម្ដេចគាត់យកធ្វើជាតំបន់ព្រៃបៃតង ប៉ុន្តែសម្ដេចគាត់យកត្រឹមស្ពាន៣៥ឡើងទៅលើដែលធ្វើជាតំបន់ព្រៃបៃតង។ 

ប្រជាពលរដ្ឋដដែលបានបន្តថា ពួកគាត់បានប្រឈមមុខខាងតុលាការគាត់កោះហៅ ហើយមានទាំងចាប់ខ្លួនដាក់ពន្ធនាគារទៀត។ គាត់បន្តថា ពួកគាត់រស់នៅមិនខុសច្បាប់អ្វីនោះទេ ពួកគាត់បានរស់នៅតាំងពីឆ្នាំ២០០០ រហូតមកដល់ឥឡូវចូលជាង២០ឆ្នាំទៅហើយ។ គាត់បន្តទៀតថា ពួកគាត់រស់នៅទាំងភ័យខ្លាច ព្រោះមានខាងគេឃ្លាំមើល ទាំងដែលពួកគាត់អត់ខុសអ្វីសោះរស់នៅលើដីនិងផ្ទះខ្លួនឯង ហើយគាត់មានដីជាប់ថ្នល់ជាតិលេខ៥៥ ក្បាល៣៥ម៉ែត្របណ្ថោយដល់អូរ។

បើតាមប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ឈន ឃាន ដែលត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្តឹងចោទប្រកាន់មកអយ្យការ ដោយមានសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥១ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ របស់អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ថា លោកកើតឆ្នាំ១៩៧៦ មានប្រពន្ធឈ្មោះ ពៅ វណ្ណា មានកូន០៥នាក់រស់នៅជាប់ផ្លូវជាតិលេខ៥៥ ចុងគីឡូតិ៍ម៉ែត្រលេខ១៣៦ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ឈន ឃាន បានបន្តថាលោកនិងក្រុមគ្រួសារបានមកទិញដី និងធ្វើផ្ទះរស់នៅតាំងពីឆ្នាំ២០១៣ ទំហំ២២ ម៉ែត្រ គុណនឹង១០០ម៉ែត្រ ដោយទិញពីឈ្មោះ កង យ៉ាន កើតឆ្នាំ១៩៦៦ ជាអតីតកងទ័ព ដោយកាលនោះ វីរៈ ៥០៨/យោធាខេត្តពោធិ៍សាត់ ដែលឈ្មោះ កង យ៉ាន ជាម្ចាស់ដីដើម បានមករស់នៅតាំងតែពីចុងឆ្នាំ១៩៩៩ ពោលអំឡុងពេលមកបោះមូលដ្ឋាន កងទ័ពនៅតំបន់ឃុំអន្លង់រាប។លោកបន្តថា នៅពេលទិញដីនាកាលនោះ ជាដីភូមិករចាស់ និងជាដីវាលស្រាប់ ហើយលោកចូលកាន់កាប់ដោយមិនមានការកាប់រាន ព្រៃឈើនោះទេ នៅលើដីមានដំណាំ ចេក ខ្នុរ ស្វាយ។ នាពេលនោះ នៅក្នុងឆ្នាំ២០១៣ លោកនិងក្រុមគ្រួសារបានសង់ផ្ទះឈើផ្ទាល់ដីដំបូលប្រក់ស័ង្កសី ទំហំ៧ម៉ែត្រ បណ្តោយ ១៨ម៉ែត្រ ហើយមិនមានអាជ្ញាធរមកហាមឃាត់ ឬទប់ស្កាត់នោះទេ ហើយផ្ទះស័ង្កសីនេះ នៅរក្សារូបរាងដដែល។ ក្រោយមកកាលពីអំឡុងឆ្នាំ២០២១ លោកបានសាងសង់ផ្ទះថ្មីប្រក់ក្បឿងបេតុងខាងក្រោម មានសរសេរផ្ទះនៅខ្ពស់ផុតពីដី ទំហំ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ។ ការសាង សង់ផ្ទះថ្មីនេះ ក៏មិនមានការហាមឃាត់ដែរ។ 

លោក ឈន ឃាង បានបញ្ជាក់ថា លោកនិងក្រុមគ្រួសារហ៊ានសង់ផ្ទះថ្មីនេះ ដោយសារតែអំឡុងឆ្នាំ២០២០រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ចំណុចទីតាំងហាមឃាត់ចាប់ពីស្ពានអូរ១៧ ដោយបច្ចុប្បន្នស្ពានលេខ៣៥ ឡើងទៅលើភ្នំ១៥០០ ដោយមិនពាក់ព័ន្ធនឹងទីតាំងដីភូមិរបស់ខ្ញុំនោះទេ។ លោកបន្តថា ទីតាំងដី និងផ្ទះរបស់លោក ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៥ ចុងគីឡូតិ៍ម៉ែត្រលេខ១៣៦ ជាទីតាំងដែលមិនស្ថិតនៅ ក្នុងការហាមឃាត់របស់រាជរដ្ឋាភិបាលនោះទេ។ បើយោងតាម លិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់បានកំណត់ទីតាំងហាមឃាត់ច្បាស់លាស់ឥតស្រពិចស្រពិល ឡើយគឺមិនអនុញ្ញាតឱ្យមានការរស់នៅ និងអាស្រ័យផល នៅក្នុងទីតាំងភូមិដីក្រហម ស្ថិតនៅចុងគីឡូម៉ែត្រលេខ១៣៧ (ស្ពានលេខ៣៥ ឬហៅថាស្តារអូរ១៧) តំបន់អន្ទង់អាំងភ្នំ១៥០០ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍ សាត់។ ពោលមានចំងាយពីផ្ទះរបស់លោកប្រមាណជាជិត១០០០ម៉ែត្រ។

បើតាមប្អូនស្រីឈ្មោះ ឡុង លីមុី ត្រូវជាកូនស្រីបង្កើតរបស់ឈ្មោះ សេន ពិសី ដែលត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធធនាគារបានឲ្យដឹងថា  ជាដំបូងនាងខ្ញុំ សូមគោរពដល់សម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមលោកជួយរកយុត្តិធម៌ដល់ម្ដាយខ្ញុំដែលឈ្មោះ សេន ពិសី ត្រូវបានចាប់ខ្លួនគាត់ដាក់ពន្ធធនាគារអស់រយះពេលជាច្រើនថ្ងៃមកហើយដោយហេតុមានការចោទប្រកាន់ថានគាត់បានរុករាន កាប់គាស់ព្រៃឈើ យកដីមកធ្វើជាកម្មសិទ្ធ តែតាមការពិតដីដែលគាត់រស់នៅរាល់ថ្ងៃគាត់បានទិញពីគេមក ជាដីភូមិស្រាប់នដីវាលគ្មានព្រៃឈើទេ ដោយមានការទទួលដឹងលឺពីរអាជ្ញាធរ មេឃុំមេភូមិជអោយសាងសង់ផ្ទះរស់នៅបាន។ សូមជួយរកយុត្តិធម៍អោយម្តាយរបស់ខ្ញុំផង អោយគាត់បានមករស់នៅក្រៅឃុំវិញផង។

បើយោងតាមដីកាបញ្ជាឲ្យចូលខ្លួននិងដីកាកោះរបស់សាលាដំបូងខេត្តពោធិ៍សាត់គឺឲ្យចូលបង្ហាញខ្លួននិងដើម្បីសាកសួរពីដំណើររឿងដែល «កាប់គាស់ រុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធ» ប្រព្រឹត្តនៅត្រង់ចំណុចដែនជម្រកសត្វព្រៃភ្នំសំកុសនៃតំបន់ការពារធម្មជាត់នៅចំណុចចុងគីឡូម៉ែត្រលេខ១៣៧ (ស្ពានលេខ៣៥) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្តែតាមទីតាំងជាក់ស្តែង ប្រជាពលរដ្ឋមិនមានទីតាំងដីដូចក្នុងបណ្តឹងរបស់មន្ទីរបរិស្ថាននោះទេ ពោលគឺប្តឹងខុសទីតាំង ប្រជាពលរដ្ឋរស់នៅអត់ដល់ស្ពានលេខ៣៥នោះទេ ហើយជាភូមិករចាស់ ជាដីវាលគ្មានព្រៃឈើទេ៕

អត្ថបទដែលជាប់ទាក់ទង