ឯកឧត្តមប្រធានាធិបតីកូរ៉េមានជំនឿមុតមាំថា «ក្រោមការដឹកនាំរបស់​សម្តេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាមានវឌ្ឍនភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»

ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានបង្ហាញនូវជំនឿចិត្តរបស់ឯកឧត្ដមថា «ក្រោមការដឹកនាំរបស់​សម្តេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាមានវឌ្ឍនភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។

មុននឹងបញ្ចប់បេសកកម្មការងារនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣​ម្សិល​មិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្តែងការ​គួរ​សម និងពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកមរណទុក្ខ និង​សម្តែង​ការសោកស្តាយជាមួយឯកឧត្ដមប្រធានាធិបតី ចំពោះ​មរណភាពលោកឪពុក កាលពី​ពេល​ថ្មីៗ​នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមប្រធា​នា​ធិបតី ដែលបានផ្ញើសារអបអរសាទរសម្តេចធិបតី ដែលទទួលបានការគាំទ្រដឹកនាំ​រាជរដ្ឋាភិបាល។ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះឯកឧត្តមក៏ដូចជា​ប្រជាជនកូរ៉េ ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។​

សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ​របស់​កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ​នៅក្នុង​រាជ​រដ្ឋាភិបាលកម្ពុជាក៏ដោយ។

ឯកឧត្តម យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែល​បាន​ជួបពិភាក្សាជាមួយសម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល​អាស៊ានលើក​ទី​៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។

ឯកឧត្ដមប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ​ប្រជា​ជន​​កម្ពុជា និងជាពិសេសសម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការ​ទូតជា​មួយ​កូរ៉េ។

ទន្ទឹមគ្នានោះ ឯកឧត្តមប្រធានាធិបតី ក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាទទួលបានវឌ្ឍនភាព និងវិបុលភាពកាន់តែល្អ​ប្រសើរ​ថែមទៀត នាពេលអនាគត។

ឯកឧត្ដមប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេច​តេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ ហើយរដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍​ពិភព​លោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។

ក្រៅតែពីកិច្ចស្វាគមន៍ដូចរៀបរាប់ខាងលើនេះ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ​ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជាការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និង​រីករាយ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិ​បត្តិការ​ជា​មួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង