ប៉ូលិសរាជធានីភ្នំពេញបង្រ្កាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងបានជិត២០នាក់ នៅ២ទីតាំងផ្សេងគ្នា

កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានធ្វើការបង្រ្កាបក្មេងទំនើងប្រុសស្រីជិត២០នាក់ នៅទីតាំង២កន្លែងផ្សេងគ្នាគឺនៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ។

ការបង្រ្កាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ករណីទី១ នៅខណ្ឌជ្រោយចង្វារ៖ ក្មេងទំនើងជាស្រ្តីវ័យក្មេងចំនួន៧ នាក់ដើរផឹកស៊ីត្រូវបានបង្រ្កាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង១២៖៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា  ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យក្រោមរូបភាពវ៉ៃគ្នានៅលើសួនសុខាធ្វើឱ្យមានការភ្ញាក់ផ្អើល។បច្ចុប្បន្នក្មេងទំនើងទាំង៧នោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររៀបចំនីតិវិធី។

ករណីទី២ ក្មេងទំនើងចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាបបាន ក្នុងករណីទំនាស់ជិះម៉ូតូដេញវាយគ្នាដែលប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៦៦ (បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៖៣០នាទីទៀបភ្លឺ។

បើតាមលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសបានឱ្យដឹងថ នៅមុនពេលកើតហេតុ មានក្មេងទំនើងចំនួន២ក្រុម ដោយក្រុមទី១ មានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ និងក្រុមទី២ មានម៉ូតូចំនួន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេញធាក់ម៉ូតូគ្នាបណ្តាលឲ្យដួលនៅម្តុំអង់តែនទួលគោក នៃខណ្ឌទួលគោក ហើយបានបន្តជិះម៉ូតូដេញវាយគ្នាមកដល់ចំណុចផ្លូវលេខ៥៦៦ (បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន១២នាក់ អាយុចន្លោះចាប់ពី១៣ទៅ១៧ឆ្នាំ រួមនឹងម៉ូតូចំនួន៦គ្រឿង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីសាកសួរ។

ប្រភពដដែលបន្តថា ក្នុងចំណោមក្មេងទំនើងទាំង២ក្រុមនោះក៏បណ្តាលឱ្យមានអ្នករងរបួស២នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង