ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើង ពីភាពជោគជ័យ៣ចំណុចសំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំហានដំបូងលើឆាកអន្តរជាតិ
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើង ពីភាពជោគជ័យ៣ចំណុចសំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំហានដំបូងលើឆាកអន្តរជាតិ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងដូចតទៅ៖
*ទី១៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបិទបញ្ចប់ កាលពីយប់ថ្ងៃទី៧កញ្ញា ម្សិលម្ង៉ៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងរយៈពេល ៤ថ្ងៃពេញ (ពី៤ដល់៧កញ្ញា) សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល (ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី (ដោយឡែកពីក្របខណ្ឌអាស៊ាន) ព្រមទាំងកិច្ចប្រជុំផ្សេងៗដទៃទៀត សរុបទាំងអស់ជាង៣០។ ជារួម សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ ជួបជាផ្លូវការឬក្រៅផ្លូវការ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំកំពូលៗ នៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិផ្សេងៗ សរុបទាំងអស់មិនតិចជាង២០នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក ពីអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី, និងនូវែលសេឡង់…។ ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាននូវជោគជ័យផ្នែកការទូតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសបេសកកម្មលើកទីមួយបង្អស់របស់សម្តេច លើឆាកអន្តរជាតិ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពី សម្តេច ទទួលបានតំណែងដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាមួយនេះ កាលពីថ្ងៃទី២២ សីហា កន្លងទៅ។
*ទី២៖ ជោគជ័យផ្នែកការទូតនេះ ក្លាយជាជោគជ័យនយោបាយ, ពិសេសចាប់ពីពេលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមថ្លែងសុន្ទរកថា (លើកទីមួយក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី៤កញ្ញា) និងបន្តថ្លែងសុន្ទរកថាជាហូរហែ នាថ្ងៃបន្តបន្ទាប់។ ហេតុអ្វី? ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារសំខាន់មួយទៅកាន់ថ្នាក់ដឹកនាំបរទេសទាំងជាង២០នាក់ដែលមានវត្តមាននៅទីក្រុងហ្សាការតា ថា សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក ។ ជាការពិត សារមួយនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែ ពោរពេញទៅដោយអត្ថន័យ សម្រាប់បណ្តាប្រទេសតូចនិងនៅខ្សត់ខ្សោយក្នុងលោក ដូចប្រទេសកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់សោកនាដកម្មមួយពាន់ជំពូក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន ម៉ាណែត ថ្លែងហើយថ្លែងទៀតថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាពទេនោះ។ គឺសារនយោបាយនេះហើយ(មេរៀនដកស្រង់ចេញពីប្រវត្តិសាស្ត្រនៃកម្ពុជាដ៏អភ័ព្វរបស់យើង) ដែលបណ្តាប្រទេសជាច្រើនក្នុងតំបន់និងក្នុងលោកចង់ឮ ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ា និង សង្គ្រាមនៅអ៊ុយក្រែន នៅបន្តអូសបន្លាយ និង ខណៈដែលនៅអាស៊ី-ប៉ាស៊ីហ្វិក ស្ថានភាពភូមិសាស្ត្រនយោបាយមានលក្ខណៈកាន់តែតានតឹងឡើងជាលំដាប់។
*ទី៣៖ បន្ថែមពីលើជោគជ័យការទូត និងជោគជ័យនយោបាយ មានជោគជ័យសេដ្ឋកិច្ចដែលគួរតែត្រូវលើកឡើង។ ក្នុងអំឡុងពេល៤ថ្ងៃពេញ នៅទីក្រុងហ្សាការតា សម្តេចធិបតី ហ៊ុន មាណែត ប្រឹងប្រែងណាស់ (ពិសេសក្នុងក្របខណ្ឌនៃជំនួបទ្វេភាគី) ប្រឹងប្រែងស្វែងរកប្រយោជន៍សេដ្ឋកិច្ចជូនកម្ពុជា។ ជាក់ស្តែង ពីឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការប្តេជ្ញាថា នឹងនាំចូលអង្ករខ្មែរឱ្យបាន២៥០,០០០ តោនក្នុងមួយឆ្នាំ ហើយនឹងផ្គត់ផ្គង់ជីព្រមទាំងការបណ្តុះបណ្តាលដល់កសិករខ្មែរ។ ជាក់ស្តែងដូចគ្នា កម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយហ្វីលីពីន ដើម្បីអភិវឌ្ឍក្នុងភាពជាដៃគូ វិស័យកសិកម្ម និងវិស័យសហគ្រាសតូចនិងមធ្យម។ មិនតែប៉ុណ្ណោះ ហ្វីលីពីន សន្យាថានឹងសិក្សាលទ្ធភាពនៃការបង្កើតនិងបង្កើនជើងហោះហើរផ្លូវត្រង់ ពីទីក្រុងទេសចរណ៍របស់ខ្លួនឆ្ពោះមកកាន់សៀមរាប។ រីឯកូរ៉េខាងត្បូងនិងម៉ាឡេស៊ីវិញ យល់ព្រមជាគោលការណ៍ក្នុងការបង្កើនកូតាពលករខ្មែរ និងក្នុងការចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពាពលករខ្មែរដែលរស់និងធ្វើការនៅក្នុងប្រទេសរបស់ពួកគេ៕