លោក ជា ម៉ូ បំភ្លឺថា សព្វថ្ងៃលោកនៅស្ថានីយព្រៃព្នៅ ផ្លូវជាតិលេខ៨

គួរជម្រាបជូនថា បន្ទាប់ពីបណ្ដាញសារព័ត៌មាន The Mirror News បានទទួលព័ត៌មាននិងបានធ្វើការចុះ
ផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ ជុំវិញប្រភពដែលបានលើកឡើងថា មានក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ដែលតែងតែរអ៊ូរទាំករណីមន្ត្រីប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចថា ទោះបីជាពួកគាត់ដឹកមិនលើសទម្ងន់ក៏មន្ត្រីដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយ ថ្លៃទឹក និងថ្លៃកាហ្វេដែរ។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងបានបំភ្លឺមកបណ្ដាញសារព័ត៌មាន The Mirror News តាមរយះប្រព័ន្ធ Telegram ឲ្យដឹងថា សព្វថ្ងៃនេះ លោកនៅស្ថានីយ៍ថ្លឹងរថយន្តព្រៃព្នៅ ផ្លូវជាតិលេខ៨ទេ។

ប្រភពបន្តថា លោក គ្រី រដ្ឋថេត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងទើបជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

គួរជម្រាបជូនថា ទាក់ទិនករណីភាពមិនប្រក្រតីនៅក្នុងស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចផ្លូវជាតិលេខ១ ភូមិក្រសារជេទ
ភ្នាក់ងារសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក គ្រី រដ្ឋថេត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងនិងជាប្រធានស្ថានីយ៍ថ្លឹងរថយន្តខាងលើបានទេ ព្រោះទូរស័ព្ទខលចូលប៉ុន្តែពុំមានអ្នកលើក។

ពាក់ព័ន្ធករណីខាងលើនេះ មហាជនបានស្នើសុំដល់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនជួយចុះពិនិត្យនិងមានវិធានការជាបន្ទាន់ផង ជៀសវាងមានក្លិនស្អុយកាន់តែខ្លាំងឡើងៗជុំវិញភាពមិនប្រក្រ តីនៅក្នុងស្ថានីយ៍ថ្លឹងរថយន្តខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង