សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅក្រសួងស្ថាប័នទាំងអស់ឲ្យផ្អាកការផ្ទេរមន្ត្រីឆ្លងក្រសួងស្ថាប័នរហូតដល់ចុងឆ្នាំនេះ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងស្ថាប័នទាំងអស់ឲ្យផ្អាកការផ្ទេរមន្ត្រីឆ្លងក្រសួងស្ថាប័នរហូតដល់ចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន EAC នៅថ្ងៃនេះ។

ការសម្រេចនេះគឺដើម្បីសម្រួលការងារឲ្យបានច្បាស់លាស់នៅក្នុងក្រសួងស្ថាប័ននីមួយៗ។

ក្នុងសារសំឡេងពិសេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គួរតែដល់ពេលហើយដែលរដ្ឋមន្ត្រីទាំងអស់ប្រើប្រាស់មន្ត្រីដែលមាននៅក្នុងក្រសួងឲ្យមានប្រសិទ្ធភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា៖ «ខ្ញុំសូមផ្អាកការផ្ទេរផ្ទុងទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីបច្ចេកទេសតាមក្រសួងស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិ។ លើកលែងតែមានករណីចាំបាច់បំផុតដែលមានការឯកភាពរវាងរដ្ឋមន្ត្រីទាំងពីរហើយមានទល្ហីករណ៍ស្រួលបួលស្នើសុំមកខ្ញុំ»។

សម្ដេចនាយករដ្ឋមន្ដ្រីថា ការធ្វើបែបនេះគឺដើម្បីបញ្ជៀសនៅភាពរញ៉េរញ៉ៃនៃការបែងចែកមន្ត្រីក្នុងផ្ទៃក្នុងក្រសួងស្ថាប័នទាំងអស់។ ដែលនឹងអនុវត្តចាប់ពីពេលនេះរហូតទៅដល់ចុងឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង