ឯកឧត្តម​ នេត្រ ភក្ត្រា៖ ការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ

«ការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់ គឺធ្វើការទំនើបកម្មស្ថាប័ននិងរដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»។

នេះជាការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន។

ឯកឧត្តម​ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា ដូច្នេះត្រូវមានការចូលរួមទាំងអស់គ្នា ក្នុងការបំពេញតួនាទីឲ្យមានប្រសិទ្ធិភាពតាមរយៈចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលគឺសំដៅទៅលើច្រកចេញចូលនៃទំនាក់ទំនងព័ត៌មានរវាងរដ្ឋាភិបាលនិងសាធារណៈជនគឺសំដៅទៅលើប្រជាពលរដ្ឋទូទៅ។

ជាមួយនោះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មានបានគូសបញ្ជាក់ឲ្យដឹងទៀតថា ការដែលជួបប្រជុំគ្នាជាទីប្រឹក្សាដែលមានគ្នាច្រើន នាឱកាសនេះ ដើម្បីពិនិត្យការងារឡើងវិញ ហើយរួមគ្នាធ្វើសម្រេចឲ្យបានលទ្ធផលការងារបានកាន់តែច្រើនឡើង តាមរយៈផែនការដែលត្រូវអនុវត្តន៍នាពេលខាងមុខ។

ទន្ទឹមនោះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា ក្រៅពីការបែងចែកភារកិច្ចតាមមុខជំនាញដល់ថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់រួចមក ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការក្រសួងព័ត៌មានក៏ត្រូវបែងចែកភារកិច្ចផងដែរព្រោះជាការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ក្នុងពិធីជួបសំណេះសំណាលខាងលើនេះ ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងបន្តថា សម្រាប់មន្រ្តីរាជការដែលបានបំពេញកិច្ចការងារតាំងពីគ្រាលំបាកឆ្នាំ១៩៧៩ រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្រ្តីជំនាន់ក្រោយនេះដកស្រង់បទពិសោធន៍ការងារ ជាជន្ទល់រឹងមាំ បើសិនជាគាត់មិននៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេគឺនឹងជួបការលំបាក។ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកអ៊ុំ ពូ មីង អ្នកជំនាន់មុនដែលនៅមកដល់បច្ចុប្បន្ននេះ គឺជាបេតិកភណ្ឌរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួងព័ត៌មានដែលរស់ព្រោះក្មេងៗជំនាន់ក្រោយមិនចាំបាច់ទៅសិក្សាច្រើនលើកិច្ចការងារខ្លះនោះទេ គ្រាន់តែសួរ មតិយោបល់របស់គាត់ នោះការងារនឹងដំណើរការទៅលឿន ។ ដូច្នេះការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សាគឺដើម្បីផ្ទេរចំណេះដឹងជំនាញរបស់ អ៊ុំ ពូ មីង ដែលមានវ័យចំណាស់ មកឲ្យក្មេងជំនាន់ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ពីជំនាន់មួយ ទៅជំនាន់មួយទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងទៀតថា ការផ្តល់ងារជាទីប្រឹក្សានេះដែរ គឺជាការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែលបានបំពេញការងារតាំងពីឆ្នាំ១៩៧៩មក បានលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមកពេលនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិ។

ជាមួយនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មានបានរំលឹកឡើងវិញពីព្រះរាជក្រឹត្យស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិដោយក្នុងព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិក្នុងគោលបំណងពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជា លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការ នីតិប្រតិបត្តិ។

ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួនអំពីព្រះរាជក្រឹត្យនៃការតែងតាំងទីប្រឹក្សាឬជំនួយការ៖

១៖ មន្ត្រីក្នុងមុខតំណែងនយោបាយ (អាចបន្ថែមជាទីប្រឹក្សា ឫជំនួយការទទួលឋានៈស្មើ)។

២៖ មន្ត្រីរាជការដែលកំពុងស្ថិតនៅក្នុងក្របខ័ណ្ឌ (មិនអាចបន្ថែមជាទីប្រឹក្សាឬជំនួយការ ទទួលឋានៈស្មើបានទេ លើកលែងតែសុំលាលែង ឫដាក់ឱ្យនៅក្រៅក្របខ័ណ្ឌដើម)។ អាចជាទីប្រឹក្សា ឫជំនួយការ គ្មានឋានៈស្មើ (ប៉ុន្តែបានតែក្នុងស្ថាប័នដែលខ្លួនកំពុងមានក្របខ័ណ្ឌប៉ុណ្ណោះ)។

៣៖ មេធាវីមិនប្រកបវិជ្ជាជីវៈ អាចជា ទីប្រឹក្សា ឫជំនួយការមានឋានៈស្មើ(កំពុងប្រកបវិជ្ជាជីវៈ អាចជា ទីប្រឹក្សា ឫជំនួយការ គ្មានឋានៈស្មើ)។

៤៖ ឧកញ៉ា, សមាជិកក្រុមប្រឹក្សា, ប្រធានក្រុមហ៊ុនឯកជន អាចជាទីប្រឹក្សាគ្មានឋានៈស្មើប៉ុណ្ណោះ(រយៈពេល៦ខែ គិតពីថ្ងៃទី៦ ខែកញ្ញា ២០២៣ ក្នុងការសម្រេចចិត្តជ្រើសរើសយកមួយណា; យោងមាត្រា១៣)។
គ្មានឋានៈស្មើ = គ្មានប្រាក់បំណាច់មុខងារ៕

 

អត្ថបទដែលជាប់ទាក់ទង