អ្នក​ឧកញ៉ា គួច ម៉េងលី៖ អ្នកខ្លះមាន១០ដុល្លារ ចាយ៥ដុល្លារ អ្នកខ្លះមាន៥ដុល្លារ ចាយ១០ដុល្លារ

អ្នក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.កបានចែករំលែកដឹងពីរបៀបចាយលុយឱ្យមានប្រសិទ្ធភាព ខណៈយើងមាន១០ដុល្លារយើងអាចចាយ៥ដុល្លារ អ្នកខ្លះមាន៥ដុល្លារចាយ១០ដុល្លារ។ នេះបើតាមប្រភព ពីTelegram និង Facebook Page របស់អ្នក​ឧកញ៉ា គួច ម៉េងលី ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

អ្នក​ឧកញ៉ា គួច ម៉េងលី បានលើកឡើងថា អ្នកទាំងអស់គ្នាដឹងពីរបៀបចាយលុយឱ្យមានប្រសិទ្ធភាពហើយឬនៅ? ខ្ញុំតែងតែសង្កេតឃើញថាបុគ្គលមួយចំនួនចាយលុយពុំសូវមានប្រសិទ្ធភាពនោះទេ។ ពួកគាត់មានលុយ១០ដុល្លារ តែបែរជាចាយបានត្រឹម៥ដុល្លារប៉ុណ្ណោះ។ មានន័យថា ពួកគាត់មានលុយកាន់ពេញដៃចូលហាងទិញផលិតផលពីគេ តែគេហាក់ពុំសូវឱ្យតម្លៃនិងរួសរាយរាក់ទាក់ដាក់គាត់ទាល់តែសោះ។ ពិសេសនោះ គេថែមទាំងលក់ផលិតផលគ្មានគុណភាពឱ្យទៅគាត់ថែមទៀតផង។ ករណីបែបនេះ ច្រើនតែកើតមានចំពោះក្រុមមនុស្សមកពីទីជនបទ ឬបុគ្គលដែលមិនសូវយល់ពីភាពស៊ីវិល័យនៃសង្គមសម្ភារនិយម។

អ្នក​ឧកញ៉ា គួច ម៉េងលី បានលើកជាចម្ងល់និងពន្យល់បន្តថា ហេតុអ្វីពួកគាត់មានលុយ១០ដុល្លារ តែចាយបានត្រឹមតែ៥ដុល្លារ? ព្រោះមកពីពួកគាត់មានឥរិយាបថមិនសមរម្យ ស្លៀកសម្លៀកបំពាក់គ្មានរបៀបរៀបរយ សក់ក្បាលសំពីងសំពោង និងក្រចកដៃគ្មានអនាម័យជាដើម។ ដូច្នេះតើត្រូវធ្វើដូចម្តេចទើបមានលុយ៥ដុល្លារ អាចចាយបាន១០ដុល្លារ? មនុស្សឆ្លាតពុំត្រឹមតែមានលុយ៥ដុល្លារ អាចចាយបាន១០ដុល្លារនោះទេ គេថែមទាំងអាចចាយបានរាប់រយដុល្លារទៀតក៏មាន។ ការណ៍នេះ ដោយសារពួកគេមានឥរិយាបថថ្លៃថ្នូរ ស្លៀកសម្លៀកបំពាក់សមរម្យ និយាយស្តីពីរោះពិសា ចេះរួសរាយរាក់ទាក់ សក់ក្បាលនិងក្រចកដៃមានសោភ័ណត្រឹមត្រូវ។

ឧទាហរណ៍ថា កាលពី២ថ្ងៃមុនបុរស “ក” ស្លៀកខោមិនខោអាវមិនអាវ ដើរចូលហាងអាហារមួយកន្លែង តែអ្នកទទួលភ្ញៀវក្នុងហាងអាហារនោះ ហាក់មិនសូវផ្តល់សេវាកម្មល្អជូនគាត់ បើទោះបីគាត់មានលុយពេញដៃដូចអ្នកដទៃក៏ដោយ។ ប៉ុន្តែពីរថ្ងៃក្រោយមកបុរសដដែលនោះ បានមកចូលហាងអាហារនោះម្តងទៀត តែគាត់ប្តូរមកស្លៀកសម្លៀកបំពាក់សមរម្យ មានឫកពាថ្លៃថ្នូរ ចេះរួសរាយរាក់ទាក់ និយាយស្តីពីរោះពិសា ពេលនោះស្រាប់តែអ្នកទទួលភ្ញៀវនាំគ្នារត់មកទទួលស្វាគមន៍គាត់ ញញឹមដាក់គាត់ យកចិត្តទុកដាក់ជាមួយគាត់ ផ្តល់សេវាកម្មត្រជាក់ចិត្តជូនគាត់ លើកទឹកជូនគាត់ពិសារ ហើយថែមទាំងចំណាយពេល១ម៉ោង ២ម៉ោងអង្គុយពិភាក្សា ឬចរចារតម្លៃជាមួយគាត់ទៀតផង និយាយរួម គឺគេចាត់ទុកគាត់ដូចជាស្តេចអ៊ីចឹង។ តាមរយៈសកម្មភាពបែបនេះ យើងអាចនិយាយបានថា ការស្លៀកពាក់ក៏ជាចំណុចជោគជ័យ ការនិយាយស្តីក៏ជាចំណុចរុងរឿងដែរ។ ព្រោះថា មិនត្រឹមតែការប្រើប្រាស់ថវិកានោះទេ សូម្បីតែការសម្ភាសការងារ ក៏គេផ្តោតសំខាន់លើការស្លៀកពាក់ អនាម័យ និងការនិយាយស្តីដែរ។

អ្នក​ឧកញ៉ា គួច ម៉េងលី បានអះអាងថា ដូច្នេះសូមចងចាំថា ដើម្បីឱ្យការប្រើប្រាស់លុយរបស់យើងប្រកបដោយប្រសិទ្ធភាព និងពោរពេញទៅដោយសក្ដានុពល ឬមានលុយ៥ដុល្លារ តែអាចចាយបាន១០ដុល្លារ យើងត្រូវតែចេះរៀបចំឥរិយាបថឱ្យបានសមសួន និយាយស្តីឱ្យបានថ្លៃថ្នូរ ស្លៀកពាក់ឱ្យបានគួរសម និយាយរួម គ្រប់សកម្មភាពនិងឥរិយាបថរបស់យើងត្រូវតែប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត ដែលជាភាសាអង់គ្លេសគេហៅថា Moral Professional Ethic៕

អត្ថបទដែលជាប់ទាក់ទង