កម្ពុជាត្រៀមដាក់បញ្ចូល «ក្រមា» និង «សារមន្ទីរទួលស្លែង» ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំឯកសារដើម្បីដាក់បញ្ចូល «ក្រមា» និង «សារមន្ទីរទួលស្លែង (មន្ទីរស-២១)» ចូលជាបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការអះអាងរបស់លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការត្រឡប់មកមាតុភូមិវិញក្រោយពីជោគជ័យការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោក លោក គង់ ពុទ្ធិកា បានថ្លែងថា ក្រៅពីប្រាសាទកោះកេរ ក្រសួងវប្បធម៌នឹងបន្តសិក្សាលើប្រាង្គប្រាសាទផ្សេងៗទៀតដើម្បីស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកបានបញ្ជាក់បន្ថែមថា ក្រសួងវប្បធម៌ ក៏កំពុងតែរៀបចំឯកសារ ក្នុងការស្នើសុំដាក់បញ្ចូល «ក្រមា» ជាបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ និងស្នើសុំដាក់បញ្ចូល «គុកទួលស្លែង» ក្នុងបញ្ចីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូដើម្បីបញ្ចៀសនូវសោកនាដកម្មដ៏អាក្រក់នេះកើតឡើងម្តងទៀត។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានថ្លែងថា៖ «លោកជំទាវរដ្ឋមន្ត្រីកំពុងតែរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជី «ក្រមា» ក្នុងបេតិកភណ្ឌពិភពលោកអរូបិយ នេះជាការរំពឹងទុករបស់យើង ហើយយើងនឹងខិតខំប្រឹងប្រែងទៅមុខទៀត ក្រៅពីនោះលោកជំទាវរដ្ឋមន្ត្រីក៏កំពុងប្រឹងប្រែងស្នើសុំចុះបញ្ជីគុកទួលស្លែងរបស់យើងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃការចងចាំដើម្បីឱ្យពិភពលោកចងចាំថាអ្វីដែលកើតឡើងនៅកម្ពុជានេះគឺជាមេរៀនមួយដែលមិនត្រូវកើតឡើងនៅកន្លែងផ្សេងទៀតនៅលើពិភពលោក»។

គូសរំលឹកថា កាលពីឆ្នាំ២០១៨ កន្លងមក កម្ពុជាបានបង្កើតយុទ្ធនាការត្បាញ «ក្រមា» វែងជាងគេប្រវែងជិត ១២០០ម៉ែត្រ ដោយបានបំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ពីគណៈកម្មការឯកទគ្គកម្មពិភពលោក Guiness World Records។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរស-២១) ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងរបបសម័យខ្មែរក្រហម ដោយខ្មែរក្រហមបានចាប់ខ្លួនអ្នកទោសប្រមាណជាង ១៥.០០០ ទៅ ២០.០០០នាក់ ពីទូទាំងប្រទេសមកឃុំឃាំងនៅមន្ទីរស-២១។

មន្ទីរស-២១ ជាអតីតសាលាពីរដែលសង់នៅឆ្នាំ១៩៦២ គឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃ ដែលមានឈ្មោះដើមហៅថា វិទ្យាល័យព្រះពញាយ៉ាត។ ថ្នាក់រៀនត្រូវប្រែក្លាយជាបន្ទប់ឃុំឃាំង និងបន្ទប់ធ្វើទារុណកម្ម។ បរិវេណជុំវិញមន្ទីរឃុំឃាំង មានហ៊ុំព័ទ្ធដោយលួសបន្លាអគ្គិសនី ហើយនៅតាមសំយ៉ាបអគារជាន់លើមួយចំនួនមានបំពាក់បន្លាលួស ដើម្បីការពារអ្នកទោសលោតសម្លាប់ខ្លួនពីលើអគារ។

មន្ទីរឃុំឃាំងនេះដែលមានទីតាំងស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា និងឈ្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ពលរដ្ឋខ្មែរនាសម័យនោះ៕

អត្ថបទដែលជាប់ទាក់ទង