ប៉ូលិសខេត្តបាត់ដំបងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់បាន២លើក ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខណៈជនល្មើសបានរត់គេចខ្លួន
ក្រុមមន្ត្រីនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្រ្កាបបទល្មើសជលផលនេសាទខុសច្បាប់នៅលំហរបឹងទន្លេសាបចំនួន ២លើក។នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបានបញ្ជាក់ថា ប្រតិបត្តិការទី១ នៅវេលាម៉ោង៩:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុកមោងឫស្សី បានចុះបង្រ្កាបបទល្មើជលផល ១លើក នៅចំណុចពាំងទរ័ ស្ថិតក្នុងភូមិសាករ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន១៦នាក់។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន៤គ្រឿង។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ សាច់មងប្រវែង៥០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន៨គ្រឿង,និងបង្គោល៨០ដើម។
ប្រតិបត្តិការទី២ នៅវេលាម៉ោង៩:០០នាទីព្រឹកកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសជលផល១លើក នៅចំណុចអូរកន្រ្តៃស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ១៥នាក់។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន៤គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ សាច់មងប្រវែង ១៩០០ម៉ែត្រ ឡុកចាប់ត្រីចំនួន ០២គ្រឿង, បង្គោល ៣០០ដើ, អ៊ុយចំនួន១០វង់, ប្រលែងត្រីចូលបឹងធម្មជាតិវិញចំនួន ២០គ.ក។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕