ហេតុផលអ្វីប៉ូលិសហ៊ានឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ នៅស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤?
ក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថា មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកដើរសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង ដើម្បីធ្វើការបំភ្លឺបកស្រាយជុំវិញការចោទប្រកាន់ខាងលើថា នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនពិការភាពដើរសុំទាន សុំលុយ និងអ្នកលក់ផ្លែឈើ នៅតំបន់ស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប ស្រីចំនួន០៥រូប ក្នុងនោះមាន៖ ជនមានពិការភាពចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ច្រៀងសុំលុយតាមស្តុប, កុមារ ចំនួន៥នាក់ ក្នុងនោះកុមារី ចំនួន២នាក់លក់ផ្លែពុទ្រាតាមស្តុប, មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន៤នាក់ ក្នុងនោះស្រី២នាក់ដើរលក់ផ្លែពុទ្រាតាមស្តុប។
ចំពោះអ្នកទាំង១៤រូបនោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញចំនួន១១នាក់ មានស្រី៤នាក់ ដោយឡែករដ្ឋបាលខណ្ឌសែនសុខ មានការសង្ស័យ ចំពោះមុខសញ្ញាបុគ្គល ចំនួន៣នាក់ត្រូវបានសង្ស័យញុះញង់ និងជួញដូរកម្លាំងពលកម្មលើកុមារ និងជនពិការ ដោយមានការឯកភាពពីលោក សេង ពុទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ហើយក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីរួមមានឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។ជនសង្ស័យទាំង៣នាក់នេះក៏ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ និងតាមការបំភ្លឺរបស់ជនជាប់ពាក់ព័ន្ធខាងលើ ក៏ធ្វើការឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យទាំង៣នាក់ បញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។
ក្រោយពីបញ្ជូនជនសង្ស័យទាំង៣នាក់នោះទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការសាកសួរពួកគេទាំង៣នាក់នោះហើយ។ ជនសង្ស័យទាំង៣នាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានចំណារពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យជនសង្ស័យខាងលើត្រឡប់ទៅលំនៅឋានវិញ។
គួរជម្រាបជូនថា ខាងលើនេះ ជាការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ៕