ឯកឧត្តម ហ៊ុន ម៉ានី៖ នៅក្នុងសុខសន្តិភាព យើងមានឱកាសច្រើន ក្នុងការរៀបចំពិធី ជាកុសល ស្របតាមជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់ដែលដូនតាបានបន្សល់ទុក

 

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជារដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាភារកិច្ចស្នូលដែលត្រូវដោះស្រាយ ហើយសេចក្ដីសុខ របស់ប្រជាពលរដ្ឋគឺជា ជោគជ័យ និងជាការរំពឹងទុក។

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជារដ្ឋមន្ត្រី ក្រសួងមុខងាសាធារណៈ និងឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារី ជូនលោកតា លោកយាយ ចំនួនជាង១០០០នាក់ នៅបរិវេណវត្តខ្សាច់ពូន ស្ថិតក្នុង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម លី ច័ន្ទតុលា បានប្រសាសន៍ថា រដូវភ្ជុំបិណ្ឌ កំពុងតែខិតជិតមកដល់ គ្រប់ៗផ្ទះ បង្ហាញនូវការគោរពស្រលាញ់យកចិត្តទុកដាក់ ជាមួយឪពុកម្តាយចាស់ទុំនៅក្នុងគ្រួសារ មុននឹងចេញទីគោរពប្រតិបត្តិព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានា ។ ហើយឪពុកម្តាយចាស់ទុំ ទាំងអស់ជាព្រះរស់ របស់កូនៗគ្រប់គ្នា និងជាពិសេសកូនៗដែលកំពុងតែមានព្រះរស់ នៅក្បែរនៅឡើយ ជាសំណាងធំមួយ ហើយដែលកូនៗមិនត្រូវធ្វេសប្រហែល ក្នុងការបង្ហាញនូវសេចក្តី គោរពស្រឡាញ់ ដោយកាយចិត្ត និងវាចារនោះឡើយ។

ឯកឧត្តម លី ច័ន្ទតុលា បានរំលឹក ថាដើមចម នៃការរៀបចំ ពិធីនេះគឺកកើតមានក្នុងកំឡុងពេលចុះឃោសនានៅតាមភូមិ។ ភរិយារបស់ឯកឧត្ដម លី ច័ន្ទតុលា គឺលោកជំទាវ ឈីវ ភិរម្យ ដែលបានដើរតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី០៧ បានសួរសុខទុក្ខលោកយាយៗ ដែលកំពុង រៀបរណ្តាប់សម្រាប់សូត្រមន្ត។ នៅក្នុងពេលនោះដែរលោកជំទាវ ឈីវ ភិរម្យ បានលឺលោកយាយៗ ពោលពាក្យសរសើរសំណាង របស់ម្ចាស់ផ្ទះ ដែលមានកូនគិតគូរធ្វើបុណ្យសង្ឃទានជូនគាត់។ ក្នុងចិត្តរបស់គាត់ដែលជាមនុស្សចាស់ដូចគ្នា គាត់ចង់បានពិធីនេះដូចគ្នា តែគាត់ថា គាត់គ្មានសំណាងនេះទេ ព្រោះកូនៗមិនសូវជាមានធនធាន។ ចាប់តាំងពីពេលនោះមក ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ក៏បានសម្រេចចិត្តរៀបចំពិធីនេះ ជូនចាស់ព្រឹទ្ធាចារ្យទាំងអស់ នៅសង្កាត់វាលពង់។

ថ្លែងក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារី ជូនលោកតា លោកយាយ ចំនួនជាង១០០០នាក់ នៅសង្កាត់ វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ មានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្ត និងមានឆន្ទៈដ៏មោះមុត ក្នុងការបន្តដឹកនាំ កសាងសង្គមសេដ្ឋកិច្ចកម្ពុជា ឲ្យឈាន ទៅរកប្រទេស ដែលមានការ អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន ស្របតាមគោលដៅ ជាយុទ្ធសាស្ត្រ បានកំណត់ និងមានសុទិដ្ឋិនិយម ដោយសម្លឹងឆ្ពោះទៅសម្រេចឲ្យបាន នូវចក្ខុវិស័យកម្ពុជា២០៥០ តាមរយៈ ការលើកស្ទួយ និងការកសាងជាតិឲ្យមានភាពរឹងមាំ រុងរឿង និងវិបុលភាពសង្គម។

ឯកឧត្តមអនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋាន ខេត្តកំពង់ស្ពឺបន្តទៀតថា រាជរដ្ឋាភិបាល ដឹកនាំតាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់ សម្ដេចធិបតី នៅតែ បន្តផ្ដល់អទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយទុក្ខ លំបាក របស់ពលរដ្ឋ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយ និងសេចក្ដីសុខរបស់ពលរដ្ឋ គឺជាជោគជ័យ ជាការរំពឹងទុក និងការខិតខំរបស់គណបក្សប្រជាជន ដោយ គ្រប់ កាលៈ ទេសៈ ទាំង អស់ ថ្នាក់ដឹកនាំ និងក្រុមការងារ មិនទៅណាចោលពលរដ្ឋនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចាក់ថា នៅក្នុងសុខសន្តិភាព យើងមានឱកាសច្រើន ក្នុងការរៀបចំពិធី ជាកុសល ស្របតាមជំនឿសាសនា និងប្រពៃណី ដ៏ល្អផូរផង់ ដែលដូនតា បានបន្សល់ទុក។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយ សង្កាត់វាលពង់ ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យដែលបានផ្តួចផ្តើមគំនិតរៀបចំ ក៏ដូចជាសប្បុរសជនជិតឆ្ងាយ ដែលចូលរួមចាប់មគ្គផល ជាមួយកម្មវិធីនេះផងដែរ។

សូមបញ្ចាក់ថា ក្នុងកម្មវិធីនេះ មានបម្រើជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនលោកតា លោកយាយ និងអ្នកចូលរួមទាំងអស់ ព្រមទាំងមានការជូនជាខោអាវសម្រាប់លោកតា សំពត់អាវសម្រាប់លោកយាយ រួមជាមួយវត្ថុអនុស្សាវរីយ៏ក្រម៉ា១ និងថវិកា១ម៉ឺនរៀល។ ក្នុងនោះមានការប្រគេនចង្ហាន់ថ្ងៃត្រង់ និងវេរប្រគេនទេយ្យទានដល់ព្រះសង្ឃ១២០អង្គ។

បន្ទាប់ពីនេះ ក៏មានផ្តល់អាហារថ្ងៃត្រង់ក្រុមការងារក៏បានរៀបចំកម្មវិធីស្រោចស្រពសុគន្ធវារីជូនលោកតា លោកយាយទាំង១០០០នាក់។ នៅពេលបញ្ចប់កម្មវិធីក៏មាននំកញ្ចប់ ប្រហុកខ្ទិះ និងកាពិផាវ ជាមួយស្វាយខ្ចី ជូនលោកតា លោកយាយត្រឡប់ទៅផ្ទះវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង