រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋានឡើងទៅត្រូវតែគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង
ឯកឧត្តម ឆាយ ឫទ្ធិសែន បានសង្កត់ធ្ងន់ៗនិងបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង រៀបចំរបៀបរបបប្រជុំផ្ទៃក្នុង ប្រចាំខែឲ្យបានទៀងទាត់។
ការសង្កត់ធ្ងន់ៗនិងណែនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនារសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំប្រចាំខែ។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងត្រូវរៀបចំប្រជុំបូកសរុបការងារប្រចាំខែរបស់ខ្លួនគឺរៀងរាល់ដើមសប្តាហ៍ទី៤ នៃខែនីមួយៗ។
ជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យគ្រប់នាយកដ្ឋានទាំងអស់ ត្រូវពង្រឹងការងារក្នុងអង្គភាពរបស់ខ្លួន រៀបចំបញ្ជីឯកសាររបស់ខ្លួនឲ្យបានត្រឹមត្រូវ និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យតាមឋានានុក្រម។
ទន្ទឹមនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប និងបានផ្តល់អនុសាសន៍បន្ថែមជូនអង្គប្រជុំដើម្បីសម្រេចឲ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវខិតខំធ្វើយ៉ាងណាសម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួនរបស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទមានភាពស៊ីវីល័យ និងកាត់បន្ថយភាពក្រីក្រដើម្បីកម្ពុជាអាចសម្រេចបានចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕