ប៉ូលិសម្នាក់ និងស្ត្រីអ្នកលក់អនឡាញម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរគល់ដូង សាកសពសុទ្ធតែស្លាប់ដោយសារគ្រាប់កាំភ្លើង នៅស្រុកល្វាឯម
មន្ដ្រីនគរបាលម្នាក់ និងស្ត្រីអ្នកលក់អនឡាញម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរគល់ដូងក្នុងស្ថានភាពសាកសពស្អុយរលួយនិងសាកពសុទ្ធតែបានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង ឈិន ស្ថិតក្នុងភូមិកោះកែវលេី ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមប្រភពបន្តថា ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនិងសង្វេគខាងលើនេះ បានកេីតឡើងកាលពីវេលាម៉ោង៩:០០នាទី ក្នុងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលសពជនរងគ្រោះមានចំនួន២នាក់៖
ទី១. ឈ្មោះ ឆេីត ឆវិន ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ និងទី២. ឈ្មោះ ឈឿង មួយឡេង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាម Online ទីលំនៅភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកេីតហេតុសមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លី១ដេីម គ្រាប់ក្នុងបង់៤គ្រាប់ គ្រាប់ក្នុងកាណុង១ គ្រាប់ គ្រាប់កាំភ្លេីងក្នុងប្រអប់មាន៣៣គ្រាប់ បង់១មាន៧គ្រាប់។
បើតាមឈ្មោះ ឈឿង ធាវី ត្រូវជាបងស្រី បង្កើតរបស់សពឈ្មោះ ឈឿង មួយឡេង បានបំភ្លឺថា ប្អូនស្រីរបស់ខ្លួនមានមុខរបរលក់ខោអាវអនឡាញ និងមានទំនាក់ទំនងស្នេហាជាមួយឈ្មោះ ឆេីត ឆវិន មានតួនាទីជាមន្ត្រីនគរបាលយូរឆ្នាំមកហេីយ លុះនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០នាទី ជនរងគ្រោះ ឈ្មោះ ឈឿង មួយឡេង បានឆាតតាម Messenger ប្រាប់ថា ជួយមេីលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហេីយ ខ្លួនបានសួរថាមានរឿងអ្វីតែជនរងគ្រោះមិនប្រាប់ ពេលឆាតប្រាប់ជនរងគ្រោះក៏បិតទូរសព្ទបាត់ទៅ។ ហេីយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២។ លុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០៖៥០នាទីព្រឹក ប្អូនស្រីម្នាក់ដែលរាប់អានគ្នាមាន អាខោនហ្វេសបុក ឈ្មោះ Pich Pich បានឆាតប្រាប់ខ្លួនមានគេប្រទះឃេីញ សាកសពមនុស្ស២នាក់ នៅភូមិកោះកែវលេី ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ឮដូច្នេះក៏បានបបួលបងប្អូនមកមេីល ពេលមកដល់បានពិនិត្យថាពិជាប្អូនរបស់ខ្លួនពិតប្រាកដមែន។
បើតាមសមត្ថកិច្ចបានពិនិត្យកន្លែងកេីតហេតុឃេីញថា មានសាកសពបុរសម្នាក់នៅចម្ងាយពីផ្លូវរទេះចម្ងាយ៥០ម៉ែត្រ នៅលេីធាងដូងមានអាវប៉ូលីសនៅពីលេីគ្រោងឆ្អឹងសព។ រីឯសាកសពស្រី្តដេកផ្ងារបែរក្បាលទៅទិសខាងកេីត ក្បាលកល់និងគល់ដូង សាកសពកេីយលេីថង់ក្រដាសអនាម័យ បែកក្បាលអែបគល់ដូង។
បើតាមរបាយការណ៍ពិនិត្យកោសល្យវិច័យលេីសាកសពខាងបុរសឃើញមានស្នាមគ្រាប់កាំភ្លេីងលេីក្បាលផ្នែកខាងស្តាំ ខាងលេីសៀតផ្កាពីសៀតផ្កាដល់ស្នាមរបួសប្រវែង៣cm របួសរៀងមូលទំហំ០,៧៥cm
រីឯសាកសពស្ត្រីមានស្នាមត្រូវគ្រាប់លេីក្បាលផ្នែកខាងស្តាំខាងក្រោយត្រចៀកស្តាំ ស្នាមគ្រាប់ទំហំ១៣mm x ៥mm រាងពងក្រពេីគម្លាតពីគុម្ពត្រចៀកមកស្នាមរបួសប្រវែង៥cm។
បើតាមការសន្និដ្ឋានរបស់គ្រូពេទ្យនិងផ្នែកជំនាញបច្ចេកទេសខេត្តថា ជាករណីឃាតកម្ម និងអត្តឃាតសម្លាប់ខ្លួនឯង។ ក្រោយពិនិត្យសាកសពរួចរាល់ក៏បានប្រគល់សាពសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕