សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹក ថ្ងៃពុធទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានជម្រាបពីលទ្ធផលល្អដែលសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានានៅទីក្រុងញូវយ៉ក, ជាពិសេស នាជំនួបទ្វេភាគីជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID)។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗដូចជា៖ ១. ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន, ២. ការការពារបរិស្ថានប្រកបដោយចិរភាព, ៣. ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង៣. ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ជាដើម។
ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ, ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ ១. ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា, ២. ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង៣. រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។
ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA)
សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សានិងបន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរក្នុងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕