Breaking News: សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ពុំមានការបង្កើត ឬក៏បង្កើនពន្ធដាក់បន្ទុកទៅលើប្រជាពលរដ្ឋនោះទេ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកបញ្ជាក់នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយថា រដ្ឋពុំមានការបង្កើតឬក៏បន្ថែមបន្ទុកពន្ធទៅលើពលរដ្ឋនោះទេ។ ការលើកឡើងនេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួនទាក់ទងជាមួយនឹងការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដារពីការប្រមូលពន្ធមូលធនដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ ខាងមុខ។
សម្ដេចអធិបតីបានបញ្ជាក់នៅក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃពុធនេះថា ការប្រមូលពន្ធមូលធនគឺបានចាប់អនុវត្តយូរមកហើយក៏ប៉ុន្តែបានផ្អាករយៈពេលបីឆ្នាំបន្ទាប់ពីឆ្នាំ២០២០ ដោយសារតែមានវិបត្តិនៃជំងឺកូវីដ-១៩ ដែលទើបនឹងចាប់អនុវត្តឡើងវិញនៅឆ្នាំ២០២៤ ខាងមុខឡើងវិញ បើទោះជាយ៉ាងណាសម្ដេចបានបញ្ជាក់ថា នៅមិនទាន់មានការពិភាក្សាឬក៏លំអិតយ៉ាងណាទាក់ទងជាមួយនឹងវិធានការប្រមូលពន្ធនេះនៅឆ្នាំ២០២៤ នោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាករណីនេះ សម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឲ្យធ្វើការសិក្សាលំអិតដើម្បីដាក់មកកាន់រាជរដ្ឋាភិបាល ខណៈសម្ដេចបានបញ្ជាក់ថា សម្ដេចនិងជួបជាមួយនឹងក្រុមអ្នករកស៊ីនៅស្រុកខ្មែរនៅខែ១១ ខាងមុខដើម្បីស្វែងរកពីកង្វល់ក៏ដូចជាដំណោះស្រាយដើម្បីជួយទៅដល់អាជីវករទាំងនោះផងដែរ៕