ឯកឧត្តម ឯម ច័ន្ទមករា៖ ភាពជោគជ័យនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពគឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ និងលោកស្រី Giovanna Cowley ប្រធានកម្មវិធីនៃអង្គការដំណត់ទឹក នៅទីស្តីការក្រសួង។
ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវការគាំទ្រដល់អង្គការទាំងពីរខាងលើដើម្បីបន្តដំណើរការក្នុងជួយដល់ស្ថានភាពរស់នៅរបស់កុមារឬយុវវ័យជនមានពិការភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងអំពីភាពជោគជ័យនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថាលទ្ធផលទាំងនោះបានមកដោយមិនមែនជាការចៃដន្យនោះទេ គឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី។
លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ បានថ្លែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ឯម ច័ន្ទមករា ដែលត្រូវបានរាជរដ្ឋាភិបាល បានតែងតាំងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងអាណត្តិទី៧ថ្មីនេះ។
លោកបណ្ឌិត គង់ វិចិត្រា បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា អង្គការមូលនិធិកុមារពិការបានរួមសហការជាមួយអង្គការតំណក់ទឹក ដើម្បីលើកកម្ពស់និងជួយអភិវឌ្ឍសិទ្ធិជនមានពិការភាព ជាពិសេសជនមានពិការខ្សោយសតិបញ្ញា។ លោកថា អង្គការមូលនិធិកុមារពិការ ទោះបីជួបការលំបាកច្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំមុន នៃវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ច ប៉ុន្តែលោកបានរៃអង្គាសន៍ថវិកាពីបណ្តាកក្រុមហ៊ុនឯកជនជួយដល់កុមារពិការខ្សោយសតិបញ្ញា ព្រោះលោកនៅតែមានឆន្ទៈជួយដល់ជនពិការខ្សោយសតិបញ្ញា និងមានបំណងដាក់គោលដៅបង្កើតមជ្ឈមណ្ឌលឧត្តមភាព Center of Excellence សម្រាប់ជាថ្នាលផ្តល់ការអប់រំ បណ្តុះបណ្តាលជំនាញបំណិន និងរកការងារសម្រាប់ជនពិការខ្សោយសតិបញ្ញា ដើម្បីជាធនធានគំរូបន្ថែមទៀត ក្នុងការបណ្តុះបណ្តាលមន្រ្តីជំនាញ និងឯកទេស ជួយដល់ជនពិការខ្សោយសតិបញ្ជា។ លោកបណ្ឌិត គង់ វិចិត្រា បានស្នើដល់ក្រសួងសង្គម ជាពិសេសឯកឧត្តមរដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួយគាំទ្រដើម្បីឲ្យបេសកកម្មនេះបានសម្រេចទៅបាន។
លោកស្រី Giovanna ជាប្រធានកម្មវិធីនៃអង្គការតំណក់ទឹក និងអង្គការសាលាជនពិការ បានជម្រាបជូនអំពីប្រវត្តិនៃអង្គការតំណក់ទឹក និងសកម្មភាពផ្សេងៗជួយគាំទ្រដល់កុមារងាយរងគ្រោះ នៅក្នុងតំបន់គោលដៅទាំង៣ រួមមាននៅខេត្តកែប នៅអ្នកលឿង និងក្រុងប៉ោយប៉ែត ជាពិសេស នៅខេត្តកែបបានជួយគាំទ្រដល់មនុស្សជំទង់ដែលមានពិការខ្សោយសតិបញ្ញា និងធ្វើយ៉ាងណាផ្តល់ឱកាសរស់នៅ ដោយឯករាជ្យនៅសហគមន៍។
លោកស្រី Pernille មកពីអង្គការ LEV រឺ Inclusion Denmark ដែលជាតំណាងសមាគមឳពុកម្តាយជនពិការខ្សោយសតិបញ្ញា ក៏បានលើកឡើងពីស្ថានភាពគម្រោងសាកល្បងមួយដែលមារយៈពេល១ឆ្នាំ ដែលបច្ចុប្បន្ននេះកំពុងផ្តួចផ្តើមបន្តគម្រោង ជាមួយរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក ដើម្បីជួយគាំទ្រដល់យុវជនពិការខ្សោយសតិបញ្ញា។
ជាការឆ្លើយតប ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងចូលរួមធ្វើសកម្មភាពជាច្រើនរបស់អង្គការមូលនិធិជនពិការ និងអង្គការដំណត់ទឹក ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច ពិសេសជួយដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។
ជាមួយគ្នានោះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងអំពីគម្រោងថ្មីនៃកម្មវិធី ACCESS ដែលនឹងចាប់ផ្តើមប្រកាសដាក់ឱ្យមានពាក្យស្នើសុំថវិកាឆាប់ៗខាងមុខ ដែលឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តអង្គការមូលនិធិជនពិការ និងអង្គការតំណក់ទឹក ត្រៀមដាក់គម្រោងស្នើសុំថវិកាជាមុន។
ឯកឧត្តមបានលើកបន្ថែមទៀតថាក្រសួងក៏ដូចជាអគ្គលេខាធិការដ្ឋានបានយកចិត្តទុកដាក់ចំពោះសុខមាលភាពនិងតម្លៃរបស់ជនមានពិការភាពគ្រប់ប្រភេទ ដោយបច្ចុប្បន្ននេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានរៀបចំសរសេរច្បាប់ថ្មីដើម្បីបម្រើដល់ផលប្រយោជន៍របស់ជនមានពិការភាព ហើយនៅពេលខាងមុខនេះនឹងរៀបចំបញ្ចប់នូវការសរសេររបាយការណ៍នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការដើម្បីសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាលមុនផ្ញើជូនទៅគណៈកម្មាធិការសិទ្ធិជនមានពិការភាពនៃអង្គការសហប្រជាជាតិ៕