ស្នងការខេត្តព្រៃវែង៖ រឿងថ្មីមិនធ្លាប់ជួប, ពេលថ្ងៃគ្រងស្បង់ចីវរធ្វើជាសង្ឃឱ្យប្រជាជនសំពះដល់បាតដី លុះដល់ពេលរាត្រីចេញលួចចេញគាស់ពេញភូមិ

«រឿងថ្មីមិនធ្លាប់ជួប, ពេលថ្ងៃគ្រងស្បង់ចីវរធ្វើជាសង្ឃឱ្យប្រជាជនសំពះដល់បាតដី លុះដល់ពេលរាត្រីចេញលួចចេញគាស់ពេញភូមិ។ ដំបូងខ្ញុំគិតថាមិនចង់សរសេរអ្វីទេ ពីព្រោះរឿងមិនចំណេញអ្វីដល់សង្គម មានតែភាពអាប់ឱនប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនៅលើទំព័រហ្វេសប៊ុករបស់លោកដែលបណ្ដាញ​សារព័ត៌មាន The Mirror News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តលើកឡើងថា «យ៉ាងណាក៏គួរទម្លាយចេញខ្លះឱ្យគ្រប់គ្នាពិចារណា[…]អាយុ១៣,១៤ ,១៥ សុទ្ធសឹងជាអនីតិជនដែលមិនអាចអនុវត្តទោសតាមច្បាប់បានទៀត អញ្ចឹងទេ តើបទល្មើសងាយណានឹងថមថយ? តាមទទួលព័ត៌មាន តែមិនទាន់ស្រាវជ្រាវ នៅមានសង្ឃរបៀបនេះខ្លះទៀតកំពុងគង់នៅតាមវត្តអារាមនានា ប៉ុន្តែនគរបាលនឹងមិនលើកលែងឡើយ»។

ការងាររាល់ថ្ងៃ នគរបាលបាលទទួលបន្ទុកច្រើនមុខច្រើនម៉ាកណាស់ ដូចនេះបើពឹងផ្អែកតែលើនគរបាលមួយ សង្គមមួយនេះ មិនងាយនឹងរកសេចក្តីសុខពេញលេញបានឡើយ គ្រប់ៗគ្នាត្រូវតែចូលរួមប្រយុទ្ធប្រឆាំងគ្រប់ទំរង់នៃបទល្មើស ។ នគរបាលខេត្តព្រៃវែងនឹងខិតខំបន្ថែមលើបន្ថែម និងកាន់តែខ្លាំងលើខ្លាំងអស់ពីសមត្ថភាពមាន ប៉ុន្តែក៏មិនប្រាកដថា ជោគជ័យលើការប្រឆាំងបទល្មើសដែរ។ នេះជាការលើកឡើងបន្ថែមទៀតរបស់លោកស្នងការ ឈឿន ប៊ុនឆន។

នៅលើហ្វេសប៊ុក លោកស្នងការបានបន្តឲ្យដឹងទៀតថា លោកតែងគិត និងស្រមៃថា បើអ្នកមានលុយមានទ្រព្យរូបណា មកជួយវិនិយោគ ឬជួយបង្កើតមជ្ឈមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន ក៏ដូចជាក្មេងៗមិនគ្រប់អាយុទទួលទោសមុខច្បាប់ដូចករណីខាងលើ ខ្ញុំថារឿងល្អៗនឹងកើតមានសម្រាប់សង្គម វានឹងល្អជាងចាប់បញ្ជូនពួកគាត់ចូលពន្ធនាគារ។

លោកស្នងការ ឈឿន ប៊ុនឆន បានបន្ថែមទៀតថា មុនពេលលោកចាកចេញពីខេត្តព្រៃវែង លោកពិតជាចង់ឃើញមជ្ឈមណ្ឌលបែបនេះកើតមានឡើងនៅខេត្តព្រៃវែងណាស់ និងជាមជ្ឈមណ្ឌលបង្ហាត់បង្រៀនចំណេះជំនាញដ៏តឹងរឹងមួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង