គ្រឿងញៀនក្បែរ២៣គីឡូក្រាម និងមនុស្សប្រុសស្រី៥នាក់ត្រូវបានចាប់ឃាត់ខ្លួននៅខណ្ឌច្បារអំពៅ

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៤ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៥នាក់៖ ឈ្មោះ ជ័យ ឆៃយ៉ា អាយុ៣៩ឆ្នាំ, ឈ្មោះ ចាន់ លីម៉ឹង ហៅវីត អាយុ៣៤ឆ្នាំ, ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ, ឈ្មោះ អ៊ុក សំអន ហៅយ៉ាំង អាយុ៣៨ឆ្នាំ និងឈ្មោះ វ៉ាន់ រ៉ាឌី អាយុ៣៦ឆ្នាំ។

តាមប្រភពបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទMDMA សរុបចំនួន៨៩កញ្ចប់ ទំងន់៩៣៥ក្រាម, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទម្ងន់២២គីឡូក្រាម។

គោលដៅដែលសមត្ថកិច្ចបានបង្រ្កាបនោះ រួមមាន៖ ទី១៖ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន២០កញ្ចប់។, ទី២៖ នៅចំណុចផ្ទះលេខ79 ផ្លូវ04B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀនចំនួន៦៦កញ្ចប់។, ទី៣៖ នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ថ្នាំញៀនចំនួន៣កញ្ចប់ និងសារធាតុផ្សំទម្ងន់៥គីឡូក្រាម។ និងទី៤៖ នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទម្ងន់១៧គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង