ទឹកបានហូរគួចត្របាក់យករោងកាហ្វេមួយនៅលើភ្នំ១៥០០ទៅបាត់

 

រោងកាហ្វេមួយកន្លែងនៅលើភ្នំ១៥០០នៃខេត្តពោធិ៍សាត់ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ ត្រូវបានទឹកហូរគួចយកទៅបាត់ ដោយសារជំនន់ទឹកភ្លៀង។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phann Vireakboth បានបង្ហោះបង្ហាញអារម្មណ៍សោកស្តាយដូច្នេះថា៖ «ត្រឹម ២០នាទីកម្លាំងទឹកហូរបាននាំយករោងការហ្វេ និងសំភារៈទាំងអស់បាត់ស្រមោលឈឹង!»។

ប្រភពព័ត៌មានបានបន្តថា៖ «ភ្នំកាហ្វេ ស្រុកវាលវែង ៣ឆ្នាំហើយដែលអ្នកបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ការអភិវឌ្ឍន៍សហគមន៍ភ្នំ១៥០០ អោយមានចរន្តសេដ្ធកិច្ចជាពិសេសផ្នែកទេសចរណ៍មួយចំណែកសម្រាប់ខេត្តពោធិ៍សាត់ ពេលនេះត្រូវផ្អាកមួយរយៈពេលខ្លីព្រោះរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង»។

បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក កែវ វ័យ ទឹកភ្លៀងចាប់ផ្តើមធ្លាក់នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា បានបណ្តាលឱ្យកម្ពស់ទឹកនៅស្ទឹងវាលវែងកើនឡើង នាំឱ្យជន់លិចផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋក្នុងស្រុកវាលវែង។

លោក កែវ វ័យ បានបញ្ជាក់ថា ការជន់លិចនេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ តែយ៉ាងណាអាជ្ញាធរខេត្តត្រៀមកម្លាំងការពារ និងជួយសង្គ្រោះដល់ពលរដ្ឋដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។

តាមការព្យាកររបស់ក្រសួងធនធានទឹក នៅតាមតំបន់មួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយសារតែកម្ពុជា ទទួលរងសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) ដែលសម្ពោធនេះនឹងបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក៕

អត្ថបទដែលជាប់ទាក់ទង