លោកជំទាវ ចម និម្មល លើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា
លោកជំទាវ ចម និម្មល បានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា មានដូចជាកសិកម្មកែច្នៃ សេវាកម្មទេសចរណ៍ និងការបង្កើនការនាំចូលទំនិញសក្តានុពលរបស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម។
ការថ្លែងលើកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន”។
នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងអំពីសារៈសំខាន់នៃតំបន់មេគង្គជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការងារជំរុញការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនសំដៅជំរុញនិងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាមួយនោះ លោកជំទាវ ចម និម្មល ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ ការតភ្ជាប់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលរូបនីយកម្ម និងការប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។
ទន្ទឹមនោះ លោកជំទាវបានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការងារលើកកំពស់ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានលើកឡើងពីយន្តការកសាងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ជាពិសេសអំពីការរៀបចំវេទិការដ្ឋាភិបាល-វិស័យឯកជន នៅអំឡុងចុងឆ្នាំ២០២៣នេះ៕