រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទបានបញ្ជាក់ទៅកាន់តំណាងធនាគារពិភពលោកថាក្រសួងមានចក្ខុវិស័យក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជនបទតាមរយៈកម្មវិធីចំនួន៤
រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឬទ្ធីសែន បានបញ្ជាក់ទៅកាន់តំណាងធនាគារពិភពលោកថាក្រសួងមានចក្ខុវិស័យក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជនបទតាមរយៈកម្មវិធីចំនួន៤ដែលមានដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្អ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជន ការបណ្ដុះបណ្ដាលជំនាយមូលដ្ឋានបន្ថែម និងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
ថ្លែងក្នុងជំនួបជាមួយនាយិការបស់ធនាគាពិភពលោក ប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវលោកស្រី Mariam J.Sherman និងប្រធានប្រចាំប្រទេសកម្ពុជាលោកស្រី Maryam Salim នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានថ្លែងថា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋនៅតាមជនបទទទួលបានរួមបញ្ចូលទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្រសួងបានដាក់ចេញកម្មវិធីអទិភាពចំនួន៤ ដែលមានដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផល និងទទួលសេវាកម្មនានា ធ្វើឱ្យជនបទខិតមកកាន់តែជិតទីក្រុង។ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យល្អ និងការរស់នៅមានផាសុកភាព ។
បន្ថែមលើនេះគឺ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បង្កើនចំណូលគ្រួសារ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដើម្បីអាចបង្កើតមុខរបរផ្សេងទៀតបន្ថែមលើមុខរបរកសិកម្ម និងពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដោយពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយប្រសិទ្ធភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។
ជាការឆ្លើយតប លោកស្រីនាយិកាធនាគាពិភពលោក ប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីនាពេលនេះ។ លោកស្រីបានបន្តលើកឡើងពីកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍កន្លងមក ដែលគម្រោងខ្លះគឺកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន និងបានបេ្តជ្ញាក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការផ្ដល់ថវិកាបន្ថែមលើគម្រោងថែទាំផ្លូវជនបទឱ្យកាន់តែប្រសើឡើង។
ទន្ទឹមនោះឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណចំពោះលោកស្រី និងសហការីដែលអញ្ជើញមកក្នុងឱកាសនេះ និងត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕