នៅទីបំផុត, តុលាការសម្រេចឃុំខ្លួន ក្មេងស្រីស្ទាវជើងខ្លាំង គ្រុយ ស្រីលាភ ហើយ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួននារីម្នាក់ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាជាក្រុមលើនារីម្នាក់។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ថា នារីខាងលើឈ្មោះ គ្រុយ ស្រីលាភ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវសម្រេចឲ្យឃុំខ្លួនក្រោមបទចោទ «ហិង្សាដោយចេតនា» មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ចំណែកបក្ខពួកគូកន កំពុងស្ថិតក្នុងចំណាត់ការរបស់សម្ថកិច្ចនៅឡើយ។
គួរជម្រាបជូនថា វីដេអូប្រើប្រាស់អំពើហិង្សាមួយ ត្រូវបានគេចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីសប្ដាហ៍កន្លងទៅ ដោយបង្ហាញថា នារីម្នាក់ត្រូវបាននារីមួយក្រុមព្រួតគ្នាវាយបណ្ដាលឲ្យរងរបួស ក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ៕