រដ្ឋមន្ត្រី ឈាង រ៉ា បង្ហាញពីអាទិភាពគន្លឹះទាំង៣របស់ក្រសួងសុខាភិបាលដល់អង្គការ CHAI
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣បានទទួលជួបលោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI)។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើម ការអភិវឌ្ឍន៍ធនធានមនុស្ស សបញ្ជាក់ពីការចូលរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា។
លោកស្រីនាយិកាបានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីជម្រាបជូនថា លោកស្រីមានសេចក្តីរីករាយណាស់ដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគាំទ្រសកម្មភាពការងាររបស់អង្គការ CHAI ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្តនាពេលកន្លងមកគឺអាស្រ័យដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធពីមជ្ឈមណ្ឌលជាតិកម្មវិធីជាតិ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។ លោកស្រីក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែមសម្រាប់ការងាររបស់អង្គការ CHAI ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាពគន្លឹះទាំងបីរបស់ក្រសួងសុខាភិបាលរួមមាន៖
១៖ ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក។
២៖ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ICU ផ្នែកវះកាត់ មន្ទីពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ។
៣៖ ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
លោកស្រីនាយិកា បានជម្រាបជូនថា កន្លងមកអង្គការក៏បានចូលរួមគាំទ្រជំនួយបច្ចេកទេសផ្នែកមន្ទីរពិសោធន៍ និងការផលិតអុកស៊ីសែន ក្នុងបរិបទនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងប្រព័ន្ធសុខាភិបាលឌីជីថល ស្របតាមអាទិភាពរបស់ក្រសួង និងបានជម្រាបជូនថាអង្គការ CHAI នឹងយកអនុសាសន៍គន្លឹះរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈអាទិភាពសំខាន់ៗខាងលើរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងអំណរគុណ ដល់អង្គការ CHAI ជាពិសេស លោកស្រីនាយិកាប្រចាំប្រទេស ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕